
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ពេលនេះទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិកគឺល្អជាងពេលណាៗទាំងអស់ ហើយអ្វីជាសក្ខីភាពគឺទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការរីកចម្រើន។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងយ៉ាងដូច្នេះក្នុងពេលអនុញ្ញាតឱ្យគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដឹកនាំដោយលោក ម៉ៃឃើល មីឆាឡាក់ (Amb. Michael Michalak) អនុប្រធានជាន់ខ្ពស់និងជានាយកគ្រប់គ្រងប្រចាំតំបន់ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ។
ក្នុងជំនួបនៅវិមានសន្តិភាពនារសៀលថ្ងៃទី២៨កុម្ភ:នេះ លោក ម៉ៃឃើល មីឆាឡាក់ (Amb. Michael Michalak) បានសូមគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានផ្ដល់ពេលវេលាដ៏មានតម្លៃទទួលពិភាក្សាជាមួយគណៈប្រតិភូ និងបានសម្ដែងនូវការអបអរសាទរចំពោះជោគជ័យដែលកម្ពុជាធ្វើជាប្រធានអាស៊ានដោយបានបង្កើនទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា សហរដ្ឋអាមេរិកលើគ្រប់វិស័យ ដូចជាទំនាក់ទំនងសហរដ្ឋអាមេរិកនិងអាស៊ានជារួម។នេះបើតាមការបញ្ជាក់ឱ្យដឹងពីឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី។ ឯកឧត្តមបានឱ្យដឹងបន្តថា ក្នុងជំនួបនេះ លោក ម៉ៃឃើល ក៏បានគោរពជូនពរកម្ពុជាឲ្យទទួលបានជោគជ័យក្នុងការទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនិងការបោះឆ្នោតសកលនៅខែកក្កដាខាងមុខនេះ។លោកបានគោរពជម្រាបជូនសម្ដេចតេជោថា គោលបំណងរបស់គណៈប្រតិភូមកកាន់កម្ពុជានៅពេលនេះ គឺដើម្បីសម្ដែងការគាំទ្រផែនការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺ កូវីដ១៩ ដោយស្វែងរកមធ្យោបាយកែលម្អលទ្ធភាពទទួលបានហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូចនិងមធ្យមក្នុងស្រុកនិងវិស័យឧស្សាហកម្មដែលរងគ្រោះខ្លាំង លើកកម្ពស់វិស័យឯកជនរបស់សហរដ្ឋអាមេរិកសម្រាប់ជាប្រភពសំខាន់នៃការយល់ដឹងការអភិវឌ្ឍល្អបំផុតនិងបច្ចេកវិទ្យាដែលគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំនិងអនុវត្តកំណែទម្រង់សេដ្ឋកិច្ចក្នុងគោលបំណងពង្រឹងឧស្សាហកម្មដែលមានស្រាប់ដោយបណ្ដុះបណ្ដាលតម្លៃបន្ថែមរបស់សេវាកម្មនិងឧស្សាហកម្មឲ្យកាន់តែខ្ពស់និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកសាងសមត្ថភាពរួមទាំងការអភិវឌ្ឍន៍ធនធានមនុស្សការបណ្ដុះបណ្ដាលសហគ្រាសធុនតូចនិងមធ្យមនិងកម្មវិធីភាពជាអ្នកដឹកនាំយុវជន។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍និងថ្លែងអំណរគុណជូនដល់ធុរកិច្ចសហរដ្ឋអាមេរិកទាំងអស់ រួមទាំងក្រុមហ៊ុនPfizer ក្រុមហ៊ុនford និងក្រុមហ៊ុន Abbott ជាដើម ដែលក្រុមហ៊ុនទាំងនេះសុទ្ធសឹងជាក្រុមហ៊ុនដែលតំណាងឲ្យគុណភាព។សម្ដេចបានជម្រាបជូនប្រតិភូទាំងមូលថា គ្មានពេលណាដែលទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិកល្អជាងពេលនេះទេ អ្វីដែលជាសក្ខីភាព នោះគឺទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការរីកចម្រើន ប្រជាជននៃសហរដ្ឋអាមេរិកប្រើប្រាស់សម្ភារៈផលិតនៅកម្ពុជា ហើយប្រជាជនកម្ពុជាមានការងារធ្វើដែលនេះជាអ្វីដែលយើងត្រូវជំរុញ៕






