
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានធ្វើការអំពាវនាវដល់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) សហការជាមួយក្រសួងស្ថាប័ន និងដៃគូនានា ផ្ដល់ឱកាសដល់សិស្សនិស្សិត និងយុវជន ដើម្បីបណ្ដុះបណ្ដាលពួកគេ ទៅលើជំនាញផ្សេងៗ។
ក្នុងឱកាសបិទសន្និបាតលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ វាយតម្លៃទៅលើ ក.យ.គ ដែលកំពុងប្រឹងប្រែងអនុវត្តភារកិច្ចរបស់ខ្លួន ពិសេសបានកៀរគរនូវកម្លាំងយុវជន នៅតាមបណ្ដាគ្រឹះស្ថានឧត្តមសិក្សា បានចុះឈ្មោះចូលជាសមាជិករបស់ ស.ស.យ.ក ប្រមាណជាង ៣៨ ០០០នាក់។
ឯកឧត្តមបានបន្តថា សូម ក.យ.គ មានកិច្ចសហការល្អជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសគណៈគ្រប់គ្រងគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ គាំទ្រសិស្សនិស្សិត យុវជនឲ្យទទួលបានឱកាស ក្នុងការបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាព និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ។
បើតាមឯកឧត្តម តុប នេត អនុប្រធាន ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បានឲ្យដឹងថា ជាញឹកញាប់ឯកឧត្តម ហ៊ុន ម៉ានី តែងចុះទៅជួបសំណេះសំណាលនៅតាមគ្រឹះស្ថានឧត្តមសិក្សាមួយចំនួន ដើម្បីស្ដាប់នូវបញ្ហាប្រឈម ឬសំណូមពររបស់សិស្សនិស្សិត ពាក់ព័ន្ធនឹងការសិក្សា ឬការងារជាដើម។
ឯកឧត្តម បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នឹងបន្តសហការជាមួយគ្រឹះស្ថានឧត្តមសិក្សាជាដៃគូ ចំនួន១១៥គ្រឹះស្ថាន ដើម្បីបើកវគ្គបណ្ដុះបណ្ដាល ក្នុងការលើកកម្ពស់ការយល់ដឹងរបស់យុវជន, ស្វែងរកនូវការឧបត្ថម្ភជួយគាំទ្រដល់សកម្មភាពរបស់ ក.យ.គ និងគាំពារការងារក្នុងសង្គមរបស់យុវជន បន្តការជួបជុំនិស្សិត និងថ្នាក់ដឹកនាំក្រុមប្រឹក្សាយុវជនគ្រឹះស្ថានថ្នាក់ឧត្តមសិក្សា៕




