
ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អំពាវនាវដល់បណ្ដាបក្សនយោបាយឱ្យគោរពដល់សិទ្ធិប្រជាពលរដ្ឋ និងប្រជាធិបតេយ្យ ខណៈពួកគេបានបន្តរិះគន់ និងប្រមាថទៅលើក្រុមយុវជនសង្គមស៊ីវិលដែលធ្លាប់គាំទ្របក្សប្រឆាំងរិះគន់រដ្ឋាភិបាល ប៉ុន្ដែពេលនេះបែរមកគាំទ្រគណបក្សប្រជាជន បែរជាក្រុមបក្សនយោបាយប្រឆាំងទាំងនោះនាំគ្នារិះគន់ និងប្រមាថទៅវិញដែលសកម្មភាពនេះបានបង្ហាញពីការមិនគោរពលទ្ធិប្រជាធិបតេយ្យពិតប្រាកដនោះទេ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងពេលអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាចំនួន ២ ខ្នង និងប្រគល់សញ្ញាបត្រដល់និស្សិត វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជិត៥ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងនិងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កន្លងទៅនេះ ក្រុមយុវជនសង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលធ្លាប់គាំទ្របក្សប្រឆាំង និងធ្វើសម្មភាពរិះគន់រាជរដ្ឋាភិបាលលើបញ្ហាផ្សេងៗ បាននាំគ្នាមកគាំទ្រសម្មភាព និងការងារជាមួយរាជរដ្ឋាភិបាល ប៉ុន្ដែក្រុមយុវជនសង្គមស៊ីវិលទាំងនេះត្រូវបានទទួលការប្រមាថ ពីគណបក្ស និងបុគ្គលមួយចំនួនទៅវិញ។
សម្ដេចតេជោ បានអំពាវនាវដល់បណ្ដាបក្សប្រឆាំង និងបុគ្គលដែលរិះគន់ទាំងនោះ សូមគោរពសិទ្ធប្រជាពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា គោរពនូវការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ ទើបមិនមានបញ្ហា។
សម្ដេចតេជោ ស្នើឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងប្រតិកម្មរបស់ក្រុមយុវជន ដែលក្រុមយុវជនទាំងនេះ ធ្លាប់ធ្វើសកម្មភាពបាតុកម្ម ប្រឆាំងរាជរដ្ឋាភិបាល ដូច្នេះប្រយ័ត្នក្រុមយុវជនសង្គមស៊ីវិលទាំងនេះធ្វើបាតុកម្មប្រឆាំងត្រលប់ទៅវិញខណៈបច្ចុប្បន្ននេះក្រុមយុវជនគ្រាន់តែធ្វើសេចក្ដីថ្លែងការណ៍ឆ្លើយតបប៉ុណ្ណោះ។
សម្ដេចតេជោ ក៏បានអំពាវនាវដល់ក្រុមយុវជន សង្គមស៊ីវិលដែលបានចេញពីបក្សប្រឆាំង ហើយមកគាំទ្ររាជរដ្ឋាភិបាល សូមកុំមានប្រតិកម្មណាមួយបែបហិង្សា ប៉ុន្ដែអាចចេញសេចក្ដីថ្លែងការណ៍ពន្យល់៕ អត្ថបទ៖ វ៉ន ដារ៉ា