ប្រណាំងម៉ូតូ៖ ការប្រកួតកីឡាម៉ូតូហោះ Flying Bike Super Cross ឆ្នាំ២០២៣ នឹងដំណើរការប្រកួតនាថ្ងៃទី៥ ខែមីនាចុងសប្ដាហ៍នេះនៅទីលានសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោក ព្រែ អ៊ីវកាត់ទ្រី អ្នករៀបចំព្រឹត្តិការណ៍នេះបានថ្លែងក្រោយចុះត្រួតពិនិត្យ និងជិះសាកល្បងនៅទីលានកាលពីថ្មីៗបានគូសបញ្ជាក់ថា ដោយសារទីលានតូចល្មមការទទួលចុះឈ្មោះចូលរួមប្រកួតរបស់កីឡាករ ត្រូវបានកំណត់ត្រឹម ៥០ ទៅ ៦០នាក់ប៉ុណ្ណោះដោយក្នុងកម្រិត (Class) នីមួយៗមានចំនួនកីឡាករលើសចំនួនត្រូវប្រកួតជម្រុះជាមុន ដ្បិតការប្រកួតនេះមាន ៥ Class រួមមាន Class A, B, C, VIP និងClass Kids។ លោកបន្ដថា ការរៀបចំនៅទីលានព្រែកលៀបនេះបានធ្វើឡើងអស់រយៈពេល ១០ឆ្នាំមកហើយៗ ប៉ុន្តែបានខកខានចាប់ត្រឹមឆ្នាំ២០១៧ ខណៈនៅឆ្នាំ២០២៣ នេះត្រូវបានរៀបចំឡើងវិញ ដើម្បីបន្តជំរុញលើកស្ទួយគុណភាពកីឡាករម៉ូតូហោះនៅកម្ពុជាឲ្យមានការរីកចម្រើន ដែលជាការដុសខាត់សមត្ថភាពឲ្យបានខ្ពស់ៗត្រៀមចូលរួមប្រកួតអន្តរជាតិនានា។
តាមរយៈនេះ លោកបានអំពាវនាវដល់កីឡាករដែលចង់ចូលរួមប្រកួតប្រជែង បញ្ចេញសមត្ថភាពក្នុងព្រឹត្តិការណ៍កីឡាម៉ូតូហោះនេះរួសរាន់ចុះឈ្មោះចូលរួមឲ្យបានទាន់ពេលវេលា ដើម្បីងាយស្រួលក្នុងការរៀបចំឲ្យបានល្អប្រសើរ ៕
អត្ថបទ៖ លី ឈុនឡា