បាល់ទាត់៖ ក្រុមជើងឯក Premier League, Manchester City បានកក់កៅអីនៅវគ្គ ៨ក្រុមចុងក្រោយពានរង្វាន់ FA Cup ហើយក្រោយជ័យជំនះនៅទឹកដី Bristol City ៣-០។

ខ្សែបម្រើប្រយុទ្ធអង់គ្លេស Phil Foden បានស៊ុតបញ្ចូលទីពីរគ្រាប់ម្នាក់ឯងក្នុងជ័យជំនះនេះ ខណៈដែល Kevin de Bruyne រកបានមួយគ្រាប់ផងដែរ។ កីឡាករវ័យ ២២ឆ្នាំ Phil Foden នៅពេលនេះបានស៊ុតបញ្ចូលទី ៣គ្រាប់ហើយក្នុងរយៈពេល ៤ថ្ងៃ បន្ទាប់ពីរកបានមួយគ្រាប់ផងដែរក្នុងការប្រកួតទល់នឹង Bournemouth កាលពីថ្ងៃសៅរ៍។ Foden បានខកខានឱកាសបង្ហាញខ្លួន ១១នាក់ដំបូងក្រោយបញ្ចប់បេសកកម្មជាមួយក្រុមអង់គ្លេសនៅ World Cup តែពេលនេះលោក Pep Guardiola ថា Foden ត្រលប់មកទម្រង់លេងដើមរបស់ខ្លួនវិញហើយ។

ចំណែក Bristol មុនមកដល់វគ្គនេះ ពួកគេមិនដែលចាញ់ឡើយ ១២ប្រកួតជាប់គ្នារាប់តាំងពីថ្ងៃទី២៦ ខែធ្នូ។ លទ្ធផលផ្សេងទៀតនៅ FA Cup ផងដែររួមមាន Fulham យកឈ្នះ Leeds ២-០, Brighton ឈ្នះនៅទឹកដី Stoke ១-០ និង Blackburn ទម្លាក់ម្ចាស់ផ្ទះ Leicester City ២-១៕
អត្ថបទ៖នាង សុភាវុធ