កណ្ដាល៖ រដ្ឋបាលខេត្តកណ្ដាលសម្រេចបន្តបិទផ្សារគគីរ ស្ថិតក្នុងស្រុកកៀនស្វាយ រយៈពេល ២សប្ដាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩។
ក្នុងសេចក្ដីសម្រេចចេញនៅថ្ងៃនេះ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានបញ្ជាក់ថា ត្រូវផ្អាកដំណើរការអាជីវកម្មផ្សារគគីរជាបណ្ដោះអាសន្នរយៈពេល ២សប្ដាហ៍ទៀត ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១០ ខែឧសភាខាងមុខនេះ។
អភិបាលខេត្តកណ្ដាល បញ្ជាក់ថា វិធានការនេះ គឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ ហើយអាជ្ញាធរនឹងធ្វើការរៀបចំការលក់ដូរនៅក្នុងផ្សារគគីរនេះឡើងវិញ។
លោក គង់ សោភ័ណ្ឌ ក៏បានជំរុញទៅអាជីវករ និងពលរដ្ឋមានការជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឱ្យទៅតាមដានសុខាភាពខ្លួនឯង និងធ្វើតេស្តរកមេរោគកូវីដ-១៩៕