ហុងកុង៖ នគរបាលទីក្រុង Hong Kong បានចាប់ផ្ដើមស្វែងរកនៅកន្លែងចាក់សំរាមមួយកាលពីថ្ងៃអង្គារ ទី២៨កុម្ភៈ សម្រាប់ភស្តុតាងជាប់ពាក់ព័ន្ធករណីឃាតកម្មដ៏រន្ធត់លើតារាបង្ហាញម៉ូដស្រី Abby Choi ដែលសាកសពរបស់នាងត្រូវបានកាប់ចិញ្ច្រាំជាបំណែកនោះ ត្រូវបានរកឃើញនៅក្នុងទូទឹកកក និងក្នុងឆ្នាំង។

អតីតស្វាមីឈ្មោះ Alex Kwong ឪពុកក្មេកឈ្មោះ Kwong Kau និងបងថ្លៃឈ្មោះ Anthony Kwong ត្រូវបានជាប់ចោទពីបទមនុស្សឃាត ក្រោយនគរបាលរកឃើញបំណែកសាកសពរបស់នាងនៅក្នុងផ្ទះមួយកន្លែង ជួលដោយឪពុកក្មេងលោក Kwong Kau នៅជាយទីក្រុងហុងកុងជិតព្រំដែនចិនដីគោក ។ ចំណែកម្ដាយក្មេករបស់នាងឈ្មោះ Jenny Li ប្រឈមបទចោទប្រកាន់រារាំងការងារស៊ើបអង្កេតរបស់សមត្ថកិច្ច។ អ្នកទាំង៤ ត្រូវបានឃុំខ្លួនដោយមិនអនុញ្ញាតឲ្យធានាខ្លួនឡើយ។ ពួកគេមិនទាន់បានចូលទៅបំភ្លឺនៅឡើយទេ ហើយក៏មិនឃើញមេធាវីរបស់ពួកគេបានធ្វើអត្ថាធិប្បាយ ជុំវិញករណីនេះដល់ក្រុមអ្នកសារព័ត៌មានដែរ។ សវនាការត្រូវពន្យាររហូតដល់ខែឧសភា។

កាលពីព្រឹកថ្ងៃអង្គារ មន្ត្រីជាង ១០០នាក់ស្លៀកឯកសណ្ឋានជាក្រុមស៊ើបអង្កេតបានទៅកាន់តំបន់ចាក់សំរាម North East New Territories Landfill ក្នុងតំបន់ Ta Kwu Ling ធ្វើដំណើរ ១៥នាទីពីចិនដីគោក ដើម្បីស្វែងរកបំណែកសាកសពដែលបាត់ដោយប្រើគ្រឿងចក្រ និងប៉ែល។ នគរបាលបាននិយាយថា ពួកគេនៅតែកំពុងតាមរកដៃ និងរាងកាយរបស់តារាបង្ហាញម៉ូដនៅឡើយ។ ស្នងការនគរបាលក្រុងហុងកុងលោក Alan Chung បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ជនសង្ស័យបានបោះចោលថង់មួយចំនួនដែលជាភស្តុតាងសំខាន់កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ។ ថង់ទាំងនោះអាចជាបំណែកនៃរាងកាយមនុស្ស ឬអាចជាសំលៀកបំពាក់ និងទូរស័ព្ទដៃជនរងគ្រោះ ឬអាវុធដែលប្រើសម្លាប់ជនរងគ្រោះ៕
អត្ថបទ៖ សុខមាន