រុស្ស៊ី៖ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានបញ្ជាឲ្យក្រុមមន្ត្រីរឹតបន្តឹងការគ្រប់គ្រងព្រំដែនជាប់អ៊ុយក្រែន ក្រោយការវាយប្រហារដោយយានដ្រូន ដែលកំពុងបង្កឲ្យមានក្ដីបារម្ភថ្មីសម្រាប់ទីក្រុង Moscow មួយឆ្នាំ ក្រោយការវាយលុកចូលប្រទេសជិតខាងអ៊ុយក្រែន។

យានដ្រូនមួយគ្រឿងបានធ្លាក់កាលពីថ្ងៃអង្គារចម្ងាយ ១០គីឡូម៉ែត្រភាគអាគ្នេយ៍នៃរដ្ឋធានី Moscow របស់រុស្ស៊ី ចំណែក ២គ្រឿងផ្សេងទៀតត្រូវបានបាញ់ទម្លាក់នៅភាគខាងត្បូងរុស្ស៊ី នេះបើយោងតាមក្រសួងការពារជាតិ។ ក្រុមអាជ្ញាធរក៏បានបិទដែនអាកាសលើទីក្រុង St Petersburg ភាគខាងជើងផងដែរ ឆ្លើយតបទៅនឹងអ្វីដែលរបាយការណ៍មួយចំនួននិយាយថា ជាយានដ្រូន ខណៈទូរទស្សន៍មួយចំនួនរបស់រុស្ស៊ីបានផ្សាយថា ជាការព្រមានវាយប្រហារដោយមីស៊ីល ដែលក្រុមមន្ត្រីបានស្ដីបន្ទោសលើការលួចព័ត៌មាន។
អភិបាលតំបន់ Moscow លោក Andrei Vorobyov បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយសំដៅដល់យានអាកាសគ្មានមនុស្សបើកថា ទាក់ទងនឹងឧបទ្ទវហេតុធ្លាក់យានដ្រូននៅក្នុងស្រុក Kolomna តំបន់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអាចជាគោលដៅរបស់ដ្រូននេះ តែពុំបានបណ្ដាលឲ្យខូចខាត ឬមានមនុស្សរងរបួសនោះទេ។ ក្រុមមន្ត្រីអ៊ុយក្រែនពុំបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារណាមួយទេ ប៉ុន្តែពួកគេធ្លាប់បានគេចវេះការទទួលស្គាល់ដោយផ្ទាល់ស្រដៀងគ្នានេះ ចំពោះការវាយប្រហារ និងការបំផ្លិចបំផ្លាញកាលពីកន្លងទៅ៕
អត្ថបទ៖ សុខមាន