កូរ៉េខាងជើង៖ បញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង នឹងនៅតែជារបៀបវារៈរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ តបតាមសំណើរបស់សហរដ្ឋអាមេរិក និងអាល់បានី ក្រោយពួកគេបានដាក់លិខិតកាលពីថ្ងៃអង្គារ ទី២៨កុម្ភៈ ដោយមានការគាំទ្រពីរាប់សិបប្រទេសជាចំនួនច្រើនទ្វេរដងលើសកាលពីឆ្នាំមុន។

វិធានការនេះទំនងជាធ្វើឲ្យទីក្រុងព្យុងយ៉ាងផ្ទុះកំហឹង ដែលបានច្រានចោលដដែលៗអំពីការចោទប្រកាន់ថា មានការរំលោភសិទ្ធិមនុស្ស និងបានស្ដីបន្ទោសលើការដាក់ទណ្ឌកម្មបង្កឲ្យមានស្ថានភាពមនុស្សធម៌ធ្ងន់ធ្ងរ។ ចាប់តាំងពីឆ្នាំ២០០៦ មកកូរ៉េខាងជើងបានស្ថិតក្រោមទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ កើតចេញពីការបាញ់មីស៊ីលបាលីស្ទីក និងកម្មវិធីនុយក្លេអ៊ែររបស់មេដឹកនាំលោក Kim Jong Un។ ប៉ុន្តែមានករណីលើកលែងសម្រាប់ការផ្ដល់ជំនួយមនុស្សធម៌។ សារព័ត៌មានរដ្ឋបានរាយការណ៍កាលពីថ្ងៃអង្គារថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានជំរុញឲ្យក្រុមមន្ត្រីរដ្ឋាភិបាលរៀបចំកែប្រែមូលដ្ឋានគ្រឹះក្នុងផលិតកម្មកសិកម្ម ស្របពេលមានក្ដីបារម្ភថាកង្វះស្បៀងអាហាររបស់ប្រទេសនេះកាន់តែធ្ងន់ធ្ងរ។
បេសកជនរបស់កូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិក្នុងទីក្រុង New York ពុំបានឆ្លើយតបភ្លាមទេចំពោះសំណើសុំការអត្ថាធិប្បាយនេះ។ លិខិតខ្លីមួយដាក់ជូនប្រធានក្រុមប្រឹក្សាមានសមាជិក ១៥ប្រទេសដែលសារព័ត៌មាន Reuters ទទួលបានត្រូវបានចុះហត្ថលេខាដោយសហរដ្ឋអាមេរិក និងប្រទេសអាល់បានី និងមានការគាំទ្រពីប្រទេសចំនួន៥៩ និងសហភាពអឺរ៉ុប៕
អត្ថបទ៖ សុខមាន