
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានប្រកាសថា បើទោះបីជាបច្ចុប្បន្នមានប្រទេសមួយចំនួន ប្រកាសថាជំងឺកូវីដ១៩ ជាជំងឺផ្តាសាយធម្មតា តែសម្រាប់កម្ពុជា មិនប្រកាសចាត់ទុកជំងឺនេះ ជាផ្តាសាយធម្មតានោះឡើយ ហើយក៏មិនទម្លាក់ចោលការការពារជំងឺកូវីដ១៩ ហើយត្រូវបន្តការចាក់វ៉ាក់សាំងការពារជំងឺនេះបន្តទៀត។
សម្ដេចតេជោ ហ៊ុន សែន បានប្រកាសបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ អគារ សិក្សាចំនួនពីរខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជិត ៥ពាន់នាក់ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ។
សម្តេចតេជោ បានថ្លែងថា កម្ពុជាមិនប្រកាសថាកូវីដ១៩ គឺជាជំងឺផ្តាសាយធម្មតាឡើយ ទោះបីជាប្រទេសមួយចំនួនប្រកាសចេញថាជំងឺនេះជាផ្តាសាយធម្មតាក៏ដោយ។ សម្ដេចតេជោបញ្ជាក់ថា ប្រទេសកម្ពុជាជាប្រទេសទន់ខ្សោយ ដូច្នេះត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ទោះបីជាបច្ចុប្បន្នរាជរដ្ឋាភិបាលមិនបន្ត ដាក់ជាកាតព្វកិច្ចពាក់ម៉ាស់ចំពោះពលរដ្ឋ ប៉ុន្តែក៏តែលើកទឹកចិត្តឱ្យប្រជាជនពាក់ម៉ាស់បន្តនៅទីប្រជុំជន។
សម្តេចតេជោ ហ៊ុន សែនបញ្ជាក់ថា បើកម្ពុជាចាត់ទុកថា ជំងឺកូវីដ១៩ គឺជាជំងឺផ្តាសាយធម្មតា ដូច្នេះរាជរដ្ឋាភិបាលគ្មានហេតុផលណាអំពាវនាវឱ្យប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នោះទេ។ សម្ដេចតជោបញ្ជាក់ថា សម្ដេចត្រូវនិយាយទប់ស្កាត់ ក្រែងមានមតិណាមួយលើកឡើងថា ប្រទេសដទៃប្រកាសដាក់ថាជាជំងឺផ្តាសាយធម្មតា ប៉ុន្ដែកម្ពុជាមិនមានការចាំបាច់នោះទេ។
សម្ដេច បន្តប្រាប់ឱ្យលោកជំទាវ ឱ វណ្ណឌីន បន្តការខិតខំដើម្បីចាក់វ៉ាក់សាំងបន្តទៀត ដល់ពលរដ្ឋ។ ខណៈបច្ចុប្បន្នកម្ពុជានៅសល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងឃ្លាំងចំនួន ៦ លានដូស និងចំនួន ២០ លានដូស មិនទាន់ដឹកមកដល់កម្ពុជា៕ អត្ថបទ៖ វ៉ន ដារ៉ា