ភ្នំពេញ ៖ ស្ពានអាកាសឫស្សីកែវ ដែលត្រូវធ្វើដំណើរនៅលើផ្លូវជាតិលេខ៥ ក្នុងទិសដៅចរាចរណ៍ពីជើងទៅត្បូង និងពីត្បូងទៅជើង ត្រូវបានបើកឱ្យធ្វើចរាចរណ៍ជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី១ ខែមីនានេះតទៅហើយ។
រដ្ឋបាលរាជធានីភ្នំពេញ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី បានដាក់ឱ្យប្រេីប្រាស់ជាបណ្តោះអាសន្ន នូវស្ពានអាកាសឬស្សីកែវ ។
នេះជាសមិទ្ធផលថ្មីមួយទៀត ក្រោមម្លប់សុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ។ គេបានមើលឃើញថា នៅព្រឹកថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣ នេះ ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៥ មានភាពល្អប្រសើរខ្លាំង ដោយប្រជាពលរដ្ឋធ្វើដំណើរទៅមកដោយរលូនមិនកកស្ទះចរាចរណ៍នោះទេ។ ស្ពានអាកាសនេះបានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ មានបណ្ដោយ៤៨៣ម៉ែត្រ ទទឹង១៥,៨ម៉ែត្រកម្ពស់ ៥ម៉ែត្រ នៅលើបណ្ដោយផ្លូវជាតិលេខ៥ នៅ ចន្លោះស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប ដែលបាននឹងកំពុងសាងសង់ជិតរួចរាល់ផងដែរ។ គម្រោងនៃការសាងសង់ស្ពានអាកាសឫស្សីកែវ បានប្រើប្រាស់រយៈពេលសាងសង់១៥ខែ។(ដោយ៖ ប្រាក់ វ៉ាន់ដា)




