ទួរគី៖ ប្រធានផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារថា គ្រោះរញ្ជួយដីមហន្តរាយដែលបានកើតឡើងនៅប្រទេសទួរគី និងស៊ីរីបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៥ម៉ឺននាក់ស្លាប់ ច្រើននាក់រងរបួស និងរាប់ម៉ឺននាក់នៅបាត់ខ្លួន ខណៈរាប់សែននាក់បានបាត់បង់លំនៅឋាន។

លោក Martin Griffiths បានថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា បីសប្តាហ៍បន្ទាប់ពីរញ្ជួយដីកម្រិត ៧.៨រ៉ិចស្ទ័របានវាយប្រហារភាគខាងត្បូងប្រទេសទួរគី និងភាគខាងជើងប្រទេសស៊ីរី រួមទាំងរញ្ជួយដីកាលពីថ្ងៃចន្ទដែលទំហំនៃគ្រោះមហន្តរាយនេះគឺកាន់តែច្បាស់ថា យ៉ាងហោចណាស់មនុស្ស ៤៤,០០០នាក់បានស្លាប់នៅក្នុងប្រទេសទួរគី និងប្រហែល ៦,០០០នាក់ស្លាប់នៅក្នុងប្រទេសស៊ីរី ភាគច្រើននៅតំបន់ភាគពាយព្យដែលគ្រប់គ្រងដោយក្រុមឧទ្ទាម។ អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Stephane Dujarric បាននិយាយកាលពីថ្ងៃអង្គារថា ការអំពាវនាវបន្ទាន់របស់អង្គការសហប្រជាជាតិសម្រាប់ជំនួយ ៣៩៧.៦លានដុល្លារអាមេរិកដើម្បីជួយជនរងគ្រោះដោយរញ្ជួយដីនៅប្រទេសស៊ីរី និង ១ពាន់លានដុល្លារអាមេរិកសម្រាប់ជនរងគ្រោះនៅប្រទេសទួរគី ដែលជំនួយនេះគ្របដណ្តប់តែតម្រូវការសង្គ្រោះបន្ទាន់សម្រាប់រយៈពេល ៣ខែខាងមុខប៉ុណ្ណោះ។

លោក Griffiths និយាយដោយផ្តោតលើប្រទេសស៊ីរីថា មុនពេលរញ្ជួយដី ប្រជាជន ១៥.៣លាននាក់ ឬ ៧០ភាគរយនៃចំនួនប្រជាជនរបស់ប្រទេសត្រូវការជំនួយមនុស្សធម៌។ ការវាយតម្លៃដំបូងបានចង្អុលបង្ហាញថា ប្រជាជន ៥លាននាក់នៅក្នុងប្រទេសស៊ីរីត្រូវការទីជម្រកជាមូលដ្ឋាន និងជំនួយមិនមែនស្បៀងអាហារ។ លោក Griffiths និយាយថា អគាររាប់រយខ្នងមានហានិភ័យខ្ពស់នៃការបាក់រលំរាប់ពាន់ខ្នងអាចនឹងត្រូវរុះរើ ហានិភ័យនៃជំងឺកំពុងកើនឡើងក្នុងពេលមានការផ្ទុះជំងឺអាសន្នរោគមុនរញ្ជួយដី ហើយតម្លៃអាហារ និងរបស់របរចាំបាច់ផ្សេងទៀតឡើងថ្លៃខ្លាំង៕
អត្ថបទ៖ ប៊ុនថន