ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនដែលហៅកាត់ថា JICA បានប្រជុំពិភាក្សាគ្នាលើគម្រោងសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ដែលស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ។
អភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង រួមជាមួយមន្ត្រីជំនាញនានានៃរដ្ឋបាលរាជធានី និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនដែលហៅកាត់ថា JICA នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ បានជួបប្រជុំពិភាក្សាគ្នាលើគម្រោងសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ដែលស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ។ គម្រោងនេះមានទឹកប្រាក់ប្រមាណ ២៥លានដុល្លារសហរដ្ឋអាមេរិក។ មន្ត្រីសាលារាជធានីភ្នំពេញបានឱ្យដឹងថា ការជួបពិភាក្សាការងាររវាង ឯឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនដែលហៅកាត់ថា JICA គឺបានពិភាក្សាអំពីបញ្ហាដី សម្រាប់ការរត់បណ្ដាញខ្សែលូរបស់រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់ ដែលជាគម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ ដើម្បីដោះស្រាយនូវបញ្ហាកខ្វក់ទឹកក្នុងរាជធានីភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចសាងសង់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី១ ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ ដោយបានកំណត់យកតំបន់ជើងឯកសម្រាប់សាងសង់ស្ថានីយនេះ ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនហៅកាត់ថា JICA។ ក្នុងកិច្ចប្រជុំនោះដែរ ឯឧត្ដម ឃួង ស្រេង ក៏បានឯកភាពឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណងចុះបោះបង្គោលព្រំ និងកាយដីដែលមានចាក់រំលោភប្រឡាយ ដោយយកដីចាក់តាមព្រំប្រឡាយដើម្បីទុកឱ្យខាងអង្គភាព JICA ធ្វើកិច្ចការទៅតាមតម្រូវការរបស់អង្គភាពនេះ។
មន្ត្រីក៏បានបញ្ជាក់ដែរថា គម្រោងសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ដែលជាជំនួយឥតសំណងរបស់ភាគីជប៉ុន ដែលមានទឹកប្រាក់ប្រមាណ ២៥លានដុល្លារសហរដ្ឋអាមេរិកនេះ គឺជាគម្រោងដែលមិនធ្លាប់មានរបស់ភាគីជប៉ុន ក្នុងការកសាងប្រឡាយលូនៅក្នុងរាជធានីភ្នំពេញ៕
អត្ថបទ៖ ប្រាក់ វ៉ាន់ដា




