ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅថ្ងៃទី១ខែមីនានេះ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ រំលឹកខួបទី១១២ ទិវាអន្តរជាតិ៨មីនា ឆ្នាំ២០២៣ ក្រោមមូលបទ «ស្រ្តីរួមគ្នា រក្សាសុខ សន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» នៅក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។
នៅក្នុងឱកាសនោះ លោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ ការនឹករលឹក និងផ្ញើនូវសារជូនពររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ជូនដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ ។
លោកជំទាវបន្តថា ការប្រារព្ធពិធីរំលឹកខួបទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ គឺធ្វើឡើងក្នុងគោលបំណងបន្តរំលេចពីតម្លៃពីការចូលរួមរបស់ស្ត្រីដែលមិនអាចកាត់ថ្លៃបាន ក្នុងការថែរក្សាសុខសន្តិភាពក៏ដូចជាកំពុងចូលរួមយ៉ាងសកម្មក្នុងការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ។
ក្រៅពីនេះ លោកជំទាវបានស្នើដល់មន្ត្រីរាជការ ក៏ដូចជា នារីគ្រប់រូបត្រូវតែ បន្តការសិក្សា រៀនសូត្រ និងស្វែងយល់បន្ថែមទៀតលើបច្ចេកវិទ្យា ក្នុងការពង្រឹងសមត្ថភាព ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍស្ថាប័ន និងប្រទេសជាតិ។
បច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមម្លប់នៃសុខសន្តិភាព ៕ អត្ថបទ៖ទូច សោភ័ណ









