សៀមរាប៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងឯកឧត្តម ឆ្វេ អឹងឆន អគ្គនាយកនៃរដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េ (CHA) បានចុះអនុសរណៈយោគយល់ទ្វេរភាគី លើការបន្តកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍បេតិកភណ្ឌវប្បធម៌រវាង ប្រទេសទាំងពីរ ។
ឯកឧត្តម ឆ្វេ អឹងឆន (Choi Eung-chon) អគ្គនាយកនៃរដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េ បានរំលឹកពីការចាប់ផ្តើម នៃកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នបេតិកភណ្ឌវប្បធម៌ កូរ៉េ ដែលចាប់ផ្តើមពីឆ្នាំ២០១០។ កិច្ចសហប្រតិបត្តិការដំបូង ភាគីកូរ៉េ បានជួយផ្នែកសម្ភារបរិក្ខារ លើការជួសជុល និងអភិរក្សប្រាសាទ។ ក្រោយមកនៅឆ្នាំ២០១៥ បានជួយលើគម្រោងសហប្រតិបត្តិការ ជួសជុល ក្រុមប្រាសាទព្រះពិធូរ ដោយបញ្ចប់នៅឆ្នាំ២០១៨ ខណៈដែលឆ្នាំ២០១៩ គម្រោងកិច្ចសហប្រតិបត្តិការ ជួសជុលព្រះលានជល់ដំរី ដែលបន្តរហូតដល់បច្ចុប្បន្ន។
ឯកឧត្តម ឆ្វេ អឹងឆន ស្ថាប័នកូរ៉េ ក៏បានព្រមព្រៀងបន្តជួយអភិរក្ស និងជួសជុល រួតបាកាណប្រាសាទអង្គរវត្តផងដែរ។ អគ្គនាយក នៃបេតិកភណ្ឌវប្បធម៌កូរ៉េ បានហៅកិច្ចសហប្រតិបត្តិការទាំងនេះថា ជាផ្នែកមួយបង្កើនភាពជិតស្និទ្ធ នៃទំនាក់ទំនង រវាងប្រទេសកម្ពុជា និងកូរ៉េ ហើយរំពឹងថា កិច្ចសហប្រតិ បត្តិការនេះ នឹងបន្តមានភាពខ្លាំងក្លាជាដរាបទៀត ។
ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានស្វាគមន៍យ៉ាងកក់ក្ដៅទៅកាន់ប្រតិភូ នៃស្ថាប័នបេតិកភណ្ឌវប្បធម៌កូរ៉េ។ ឯកឧត្តម បានរំលឹកពីគម្រោងនានា ដែលស្ថាប័នកូរ៉េ បាននឹងកំពុងជួយលើកិច្ចការអភិរក្សក្នុងរមណីយដ្ឋានអង្គរ។
ឯកឧត្តមបានអរគុណដល់ភាគីកូរ៉េ ដែលបានជួយបណ្ដុះបណ្ដាលមន្រ្តីអាជ្ញាធរជាតិអប្សរា ក្នុងការពង្រឹងសមត្ថភាពសម្រាប់ការជួសជុល និងអភិរក្សប្រាសាទបុរាណ ដែលឯកឧត្តមហៅថា ជាផ្នែកសំខាន់ក្នុងការពង្រឹងធនធានមនុស្សសម្រាប់កិច្ចការបេតិកភណ្ឌ។
ឯកឧត្តម ហង់ ពៅ ក៏បានស្នើភាគីកូរ៉េ ឱ្យពិចារណាជួយលើការអភិរក្សផ្នែកសារមន្ទីរ ផងដែរ។ កូរ៉េមានជំនាញការពារ និងគ្រប់គ្រងសារមន្ទីរ ដែលគួរត្រូវចែករំលែកជំនាញនេះដល់មន្រ្តីផ្នែកសារមន្ទីរ នៃអាជ្ញាធរជាតិអប្សរា លើការគ្រប់គ្រង និងថែរក្សាសមុច្ច័យនានា ក្នុងសារមន្ទីរឱ្យបានគង់វង្ស និងស្ថិតស្ថេរ៕អត្ថបទ៖ ឈិត សាវី