
ភ្នំពេញ៖ សមាគម ស្វាយចន្ទីកម្ពុជា លើកឡើងថា កសិករដាំស្វាចន្ទី មានសេចក្តីត្រេកអរ និងរីករាយ នៅពេលរាជរដ្ឋាភិបាលកម្ពុជា ប្រកាសចង់ប្រែក្លាយប្រទេសជាអ្នកកែច្នៃ និងនាំចេញស្វាយចន្ទីដ៏ធំមួយ។
ការលើកឡើងនេះ គឺធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាន៍លើកឡើងកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ថា រាជរដ្ឋាភិបាលកំពុងចង់ប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសដែលមានការកែច្នៃ និងនាំចេញឧស្សាហកម្មដ៏ខ្លាំងក្លាមួយ ក្នុងចំណោមអ្នកខ្លាំង ជាពិសេស គឺការកែច្នៃ និងការនាំចេញឧស្សាហកម្មគ្រាប់ស្វាយចន្ទី ដំឡូងមី ស្រូវ និងអំពៅជាដើម ខណៈដែលការកែច្នៃប្រភេទនេះនៅក្នុងប្រទេសបច្ចុប្បន្ន នៅមានកម្រិតតិចតួចនៅឡើយ។
ជាមួយនេះ បន្ទាប់ពីបានស្តាប់ប្រសាន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ដែលបានលើកឡើងខាងលើ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត តំណាងឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលដាំស្វាយចន្ទី បានសម្តែងអារម្មណ៍រំភើបរីករាយ កក់ក្តៅ និងមានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា កម្ពុជានឹងក្លាយជាប្រទេសដែលកែច្នៃ និងនាំចេញស្វាយគ្រប់ស្វាយចន្ទី ដូចបណ្តាប្រទេសដែរ ពិសេស ការប្រកួតប្រជែង។
លោក អួន ស៊ីឡុត បានបញ្ជាក់ថា ចំពោះប្រទេសដែលអាចដាំស្វាយចន្ទីបាននៅលើពិភពលោក គឺមានប្រមាណតែជាង១០ប្រទេសតែប៉ុណ្ណោះ ក្នុងនោះនៅអាហ្វ្រិកមានចំនួន៥ប្រទេស និងនៅអាស៊ី មានចំនួន៥ប្រទេស ដូចជា៖ Cambodia, Vietnam, Indonesia, Philippines និង India។ កម្ពុជាអាចផលិតបានរហូតដល់ជាង 30% ឬស្មើនឹងជាង១លានតោនក្នុងមួយឆ្នាំ។
ដោយឡែកប្រទេសដែលកែច្នៃ និងនាំចេញបានច្រើនជាងគេ លេខ១គឺវៀតណាម និងលេខ២ប្រទេសឥណ្ឌា ហើយភាគច្រើនបានកែច្នៃគ្រាប់ស្វាយចន្ទី ដែលនាំចូលពីក្រៅប្រទេសស្ទើរទាំងអស់៕ អត្ថបទ៖ ឌី ពៅយី