
ភ្នំពេញ៖ រោងចក្រផលិតសំបកកង់រថយន្តធំមួយទៀត គម្រោងបង្កើត ក្នុងទឹកដីខេត្តក្រចេះ នាពេលឆាប់ៗខាងមុខ ខណៈបច្ចុប្បន្នកម្ពុជាមានរោងចក្រប្រភេទនេះចំនួនពីរ ។
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរង នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងក្នុងបទបង្ហាញ នៅក្នុងសន្និបាតបូកសរុប សកម្មភាពការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា បច្ចុប្បន្ន កម្ពុជាមានរោងចក្រផលិតសំបកកង់ រថយន្តចំនួនពីរ ដោយរោងចក្រមួយបង្កើតឡើងនៅតំបន់សេដ្ឋកិច្ចពិសេសបាវិត និងមួយទៀត នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ក្នុងនោះ ចំពោះរោងចក្រនៅបាវិតក្នុងមួយថ្ងៃៗផលិតបានចំនួន ២ម៉ឺនសំបកកង់ ដែលមកដល់ថ្ងៃនេះ រោងចក្រនោះបានបោះទុន វិនិយោគជាង ៥០០លានដុល្លារ ចំណែកនៅខេត្តព្រះសីហនុបានកំពុងដំណើរការសាងសង់។
ឯកឧត្តម បន្តឲ្យដឹងថា ក្រៅពីរោងចក្រផលិតសំបកកង់រថយន្តពីខាងលើ កម្ពុជានឹងទទួលបានរោងផលិតសំបកកង់រថយន្តថ្មី មួយទៀត ដែលរោងចក្រគ្រោងបង្កើតឡើងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស U.B.E នៅក្នុងទឹកដីស្រុកស្នូល ខេត្តក្រចេះ។
ឯកឧត្តម បញ្ជាក់ឲ្យដឹងថា ទាក់ទងការនាំចូលវត្ថុធាតុដើម ថ្មីៗនេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើរដល់ក្រុមហ៊ុនផ្ទាល់ ដើម្បីគិតគូរ ដល់ខ្សែច្រវ៉ាក់ផលិតកម្ម ដែលពួកគាត់អាចផលិតក្នុងស្រុកខ្មែរបាន ដោយប្រើប្រាស់ជ័រកៅស៊ូក្នុងស្រុកខ្មែរផ្ទាល់។
បច្ចុប្បន្នម្ចាស់ក្រុមហ៊ុន ក៏បានកំពុងគិតគូរតាមរយៈនៃការស្នើរសុំ ដែលមកដល់ពេលនេះ ម្ចាស់ក្រុមហ៊ុនផលិតសំបកកង់នោះ ក៏បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន ផលិតជ័រកៅស៊ូក្នុងស្រុកចំនួន ១០ ក្រុមហ៊ុន៕ អត្ថបទ៖ សុន រ៉ាឌី