ភ្នំពេញ៖ ក្នុងយុទ្ធនាការចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ តាមភូមិ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទាំង១៤ខណ្ឌ ក្នុងនោះមានចំនួន១០៥ ប៉ុស្តិ៍រដ្ឋបាល បានបន្តចុះធ្វើអត្តញ្ញាណបណ្ណជូនពលរដ្ឋទាំងយប់ទាំងថ្ងៃ ដដែលដេីម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ធ្វើឲ្យប៉ះពាល់ដល់ម៉ោងការងារ ប្រកបរបររកស៊ី ឬម៉ោងសិក្សាររបស់កូនៗពួកគាត់។
ក្នុងនោះដែរ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា លទ្ធផលនៃការចុះធ្វេីអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ជូនប្រជាពលរដ្ឋ ដល់តាមភូមិ និងតាមខ្នងផ្ទះ រយៈពេល ៣ខែ ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ រហូតថ្ងៃទី១ ខែមិនា ឆ្នាំ២០២៣ សរុបទាំង១០៥ប៉ុស្តិ៍រដ្ឋបាល ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នគរបាលបានថតអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋបានចំនួន ៣៩៩៤០ នាក់ ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបន្តទៀតថា ចំពោះមន្ត្រីបំរើប្រជាពលរដ្ឋយើងអនុវត្តតាមតួនាទីភារកិច្ច គឺមន្ត្រីចាប់ផ្ដើមអនុវត្តការងារចាប់ពីព្រឹកព្រលឹមរហូតដល់ម៉ោង ០៩ ឬម៉ោង ១០យប់ ដើម្បីឲ្យបងប្អូនពលរដ្ឋមានពេលវេលា ចេញពីធ្វើការអាចទៅធ្វើអត្តសញ្ញាណប័ណ្ណពេលយប់បាន ហើយពួកគាត់មានសប្បាយចិត្ត។ ហើយយុទ្ធនាការនេះមន្ត្រីបន្តអនុវត្តធ្វើជាបន្តបន្ទាប់នៅឡើយទេ នៅតាមបណ្ដាលសង្កាត់ទាំងអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
គួររំលឹកផងដែរ កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ ស្តីពី ការត្រួតពិនិត្យ និងជំរុញបន្ថែមក្នុងការផ្សព្វផ្សាយ ដើម្បីពន្លឿនក្នុងការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរប្រភេទថ្មី ជូនដល់ប្រជាពលរដ្ឋទាំង ២ភេទ ដែលគ្រប់អាយុ ១៥ឆ្នាំ និងសម្រាប់ប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណបណ្ណហួសសុពលភាព និងសល់សុពលភាពត្រឹម ៩០ថ្ងៃហួសសុពលភាព។
ក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់ការិយាល័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងអធិការដ្ឋាននគរបាលខណ្ឌទាំង ១៤ ព្រមទាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១០៥ ត្រូវចាប់ផ្ដើមចុះរៀបចំ និងចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់តាមភូមិ និងតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ៕ អត្ថបទ ៖ កុម្ភៈ

