ឥណ្ឌា៖ ទីបច្ឆាសម្រាប់បូជាសពនៅរដ្ឋធានីដេលីប្រទេសឥណ្ឌា ត្រូវបានបង្ខំឱ្យសាងសង់គំនរអូសបូជាសពបណ្តោះអាសន្ន ខណៈដែលទីក្រុងនេះអស់កន្លែងបូជាសព។ បុគ្គលិកកំពុងធ្វើការយ៉ាងមមាញឹក ២៤ម៉ោងលើ ២៤ម៉ោង ខណៈដែលឧទ្យាន និងកន្លែងទំនេរផ្សេងទៀតក៏ត្រូវបានប្រើប្រាស់សម្រាប់បូជាសពផងដែរ។

ក្រុមគ្រួសារនានាត្រូវរង់ចាំរាប់ម៉ោង ទម្រាំត្រូវបានអនុញ្ញាតឱ្យបូជាសពអ្នកស្លាប់ ដោយសារតម្រូវការកើនឡើង។ ចំនួនអ្នកស្លាប់កំពុងកើនឡើងខ្ពស់នៅក្នុងប្រទេសឥណ្ឌា ខណៈរលកទី២ នៃការឆ្លងជំងឺនេះកំពុងរាតត្បាតក្នុងប្រទេសនេះយ៉ាងធ្ងន់ធ្ងរ។ ប្រទេសឥណ្ឌាបានកត់ត្រាករណីឆ្លងថ្មីនៃវីរុសកូរ៉ូណាជាង ៣២០.០០០នាក់កាលពីថ្ងៃអង្គារ ខណៈការកើនឡើងនៃអ្នកជំងឺ និងមនុស្សស្លាប់បានធ្វើឱ្យប៉ះពាល់ដល់ប្រទេសនេះ ហើយប្រព័ន្ធសុខាភិបាលដែលកំពុងធ្លាក់ទ្រុឌទ្រោម បានចាប់ផ្ដើមទទួលបានការគាំទ្រជាចាំបាច់ច្រើនពីបរទេស។ ប្រទេសដែលមានប្រជាជនជិត ១,៤ពាន់លាននាក់កំពុងប្រឈមនឹងកង្វះបន្ទប់សង្គ្រោះបន្ទាន់។
មន្ទីរពេទ្យជាច្រើនកំពុងជួបប្រទះកង្វះអុកស៊ីសែន ហើយមនុស្សជាច្រើនត្រូវបានបង្ខំឱ្យងាកទៅរកកន្លែងបូជាសពបណ្ដោះអាសន្ន និងការបញ្ចុះសព។ ការឆ្លងថ្មីកាលពីថ្ងៃអង្គារចំនួន ៣២៣.១៤៤នាក់ បានធ្វើឱ្យឥណ្ឌាមានករណីឆ្លងសរុបចំនួន ១៧ ,៩៤០,២៨៩នាក់ជាចំនួនខ្ពស់បំផុតបន្ទាប់សហរដ្ឋអាមេរិក និងមនុស្សស្លាប់សរុបចំនួន ២០០,៣៨៩នាក់៕
អត្ថបទ៖ សុខមាន