ស៊ីហ្គេម៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានរៀបចំបែងចែកឲ្យមានប្រភេទកីឡាមួយចំនួនដែលត្រូវផលិតដោយក្រុមជំនាញអន្ដរជាតិ ខណៈកីឡាមួយចំនួននឹងត្រូវបើកឲ្យមានការផ្សព្វផ្សាយដោយសេរី សម្រាប់បណ្ដាស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកដើម្បីជំរុញ និងពង្រឹងការផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាប្រចាំតំបន់លើកដំបូងនៅកម្ពុជានេះឲ្យកាន់តែផុសផុល និងស្ដង់ដារ។
នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ក្នុងកិច្ចប្រជុំជាមួយបណ្ដាស្ថានីយ៍ទូរទស្សន៍ជាតិកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ឯកឧត្តមបានបញ្ជាក់ថា យ៉ាងយោចណាស់មានកីឡា ១៧ប្រភេទក្នុងចំណោម ៣៧ប្រភេទនឹងត្រូវផលិតដោយអ្នកឯកទេសអន្ដរជាតិ ហើយកីឡាផ្សេងៗទៀតនឹងត្រូវផលិតដោយទូរទស្សន៍ក្នុងស្រុកដែលមានគុណភាព និងវិជ្ជាជីវៈ ដើម្បីជំរុញឲ្យការផ្សព្វផ្សាយព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនេះមានភាពទាក់ទាញពីប្រជាជនទូទាំងពិភពលោក។
តាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន មជ្ឈមណ្ឌលផ្សាយផ្ទាល់ IBC នឹងចាប់ផ្ដើមទទួលការងាររៀបចំ និងការងារផ្សព្វផ្សាយនេះចាប់ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ តទៅ ហើយការផ្សាយផ្ទាល់ដំបូងគេនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ ជាមួយវិញ្ញាសាកីឡាបាល់ទាត់មុនគេដែលនឹងត្រូវធ្វើការប្រកួតនាថ្ងៃទី២៩ ខែមេសា មុនពិធីបើកការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ជាផ្លូវការនាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ៕
អត្ថបទ៖ លី ឈុនឡា