ក្រិក៖ ក្រុមអ្នកតវ៉ាបានប៉ះទង្គិចជាមួយនគរបាលនៅទីក្រុង Athens កាលពីថ្ងៃពុធ បន្ទាប់ពីបានធ្វើបាតុកម្មនៅខាងក្រៅការិយាល័យរបស់ប្រតិបត្តិករក្រុមហ៊ុនរថភ្លើង Hellenic Train។

នគរបាលបានបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមអ្នកតវ៉ាគប់ដុំថ្ម ដែលបានដុតភ្លើងបង្កអគ្គិភ័យនៅតាមផ្លូវ។ រថភ្លើងដឹកអ្នកដំណើរប្រទេសក្រិកមួយគ្រឿងបានបុកគ្នា ជាមួយរថភ្លើងដឹកទំនិញមួយគ្រឿងផ្សេងទៀតកាលពីល្ងាចថ្ងៃអង្គារនៅជិតទីក្រុង Larissa ភាគខាងជើងបណ្តាលឲ្យទូរថភ្លើងទាំងអស់ភ្លាត់ចេញពីផ្លូវដែក និងបានក្រឡាប់បណ្តាលមនុស្សយ៉ាងហោចណាស់ ៤៣នាក់ស្លាប់ភាគច្រើនជាសិស្ស។ ក្រុមមន្ត្រីបាននិយាយថា ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀត ខណៈសីតុណ្ហភាពនៅក្នុងទូរថភ្លើងមួយបានកើនឡើងដល់ ១,៣០០អង្សាសេ បន្ទាប់ពីវាត្រូវបានហ៊ុមព័ទ្ធដោយអណ្តាតភ្លើង។ ក្រុមហ៊ុន Hellenic Train ជាអង្គភាពមួយរបស់ក្រុមហ៊ុនហ្វឺរ៉ូវី ដេឡូស្តាតូ (Ferrovie dello Stato) របស់ប្រទេសអ៊ីតាលី ដែលបានទទួលធ្វើប្រតិបត្តិការដឹកជញ្ជូនអ្នកដំណើរ និងដឹកជញ្ជូនទំនិញបាននិយាយថា ខ្លួនកំពុងធ្វើការជាមួយអាជ្ញាធរស៊ើបអង្កេតគ្រោះថ្នាក់នេះ។
មន្ត្រីនគរបាលម្នាក់បាននិយាយថា ប្រធានស្ថានីយក្នុងតំបន់ទទួលបន្ទុកផ្នែកសញ្ញាត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទបង្កឱ្យមានមនុស្សស្លាប់ និងរបួសដោយការធ្វេសប្រហែស។ អ្នកនាំពាក្យរដ្ឋាភិបាលម្នាក់និយាយថា រថភ្លើងទាំងពីរគ្រឿងបានកំពុងរត់នៅលើផ្លូវតែមួយជាច្រើនគីឡូម៉ែត្រមុនពេលបុកគ្នា។ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនលោក Kostas Karamanlis បានដាក់ពាក្យលាលែងពីតំណែងដោយនិយាយថា លោកទទួលខុសត្រូវចំពោះការខកខានជាយូរមកហើយរបស់រដ្ឋ ក្នុងការជួសជុលប្រព័ន្ធផ្លូវដែក។ យោងតាមទិន្នន័យរបស់ក្រុមហ៊ុនរថភ្លើង Hellenic Train បានឱ្យដឹងថា រថភ្លើងដឹកអ្នកដំណើរ ៣៤២នាក់ និងបុគ្គលិក ១០នាក់ ខណៈបុគ្គលិក ២នាក់នៅលើរថភ្លើងដឹកទំនិញ។ មន្ត្រីពន្លត់អគ្គិភ័យនិយាយថា អ្នកដំណើរ ៦៥នាក់ដែលអ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងនោះ ៦នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕
អត្ថបទ៖ ប៊ុនថន