ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២ ខែមីនានេះ បានរៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ ឆ្នាំ២០២៣ ក្រោមប្រធានបទ "ស្រ្តីរួមគ្នារក្សាសន្តិខភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល"។
កម្មវិធីនេះ ប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការអញ្ជើញចូលរួមពីលោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការក្រសួងកិច្ចកានារី និងនារីជាមន្រ្តីរាជការក្រសួងការងារជាច្រើនរូប។
សូមបញ្ជាក់ថា យុទ្ធនាការ៨មីនា គឺជាព្រឹត្តិការណ៍ជាសកលដែលមហាសន្និបាតអង្គការសហប្រជាជាតិ បានប្រកាសជា ទិវារបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិស្រ្តី និងសន្តិភាពពិភពលោកនាឆ្នាំ១៩៧៧។
ជារៀងរាល់ឆ្នាំប្រទេសកម្ពុជា បានរៀបចំយុទ្ធនាការទិវាអន្តរជាតិនារី ៨មីនា ដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពសមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា ក្នុងការសម្រេចបាននូវសមភាពយេនឌ័រ និងការបង្កើនភាព អង់អាចដល់ស្រ្តី និងក្មេងស្រីគ្រប់រូប។



