ជឺជីតស៊ូ៖ ក្រុមកីឡាជឺជីតស៊ូជម្រើសជាតិកម្ពុជាបានទទួលមេដាយសរុប ៧គ្រឿងរួមមានមេដាយប្រាក់៤ និងសំរឹទ្ធ ៣គ្រឿងនៅក្នុងការប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកអាស៊ីលើកទី៧ ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ ដែលទើបបញ្ចប់ក្នុងសប្ដាហ៍នេះ។

លោក សៀន សុភ័ក្ដ្រ អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ការប្រកួតនេះធ្វើឡើង ៤ថ្ងៃពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ដោយមានអត្តពលិកចូលរួមសរុបជាង ៥០០នាក់មកពី ៣០ប្រទេស ក្នុងនោះក៏មានវត្តមានកីឡាករ-កីឡាការិនីកម្ពុជា ១៨នាក់ផងដែរ។ ជាលទ្ធផល ទោះបីក្រុមកីឡាជឺជីតស៊ូកម្ពុជាពុំទទួលបានមេដាយមាស តែការដណ្ដើមបានមេដាយប្រាក់ ៤ និងសំរឹទ្ធ ៣ នេះគឺជាផ្លែផ្កាមួយដ៏ល្អប្រសើរសម្រាប់កីឡាករ-កីឡាការិនីកម្ពុជា ឆ្ពោះទៅប្រជែងមេដាយក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជានាខែឧសភា ឆ្នាំ២០២៣ ខាងមុខ។

តាមរយៈនេះ សហព័ន្ធក៏បានថ្លែងអំណរគុណសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ដែលបានអនុញ្ញាតជាគោលការណ៍ឲ្យប្រតិភូកីឡាជឺជីតស៊ូកម្ពុជា ចូលរួមព្រឹត្តិការណ៍កម្រិតទ្វីបប្រចាំឆ្នាំនេះ ដើម្បីជាវាស់ស្ទង់ និងពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីកម្ពុជាឲ្យកាន់តែរឹងមាំបន្ថែមទៀតផងដែរ៕ អត្ថបទ៖ លី ឈុនឡា
