ចិន៖ ទីក្រុងប៉េកាំងបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធ ទី១មីនាថា ជាការធ្វើឲ្យប៉ះពាល់ដល់មុខមាត់ខ្លួនឯង ក្រោយមន្ត្រីចារកម្មជាន់ខ្ពស់មួយរូបរបស់សហរដ្ឋអាមេរិកនិយាយថា ទីភ្នាក់ងាររបស់លោកជឿថា ជំងឺរាតត្បាតសកល COVID-19 ទំនងបណ្ដាលមកឧបទ្ទវហេតុមន្ទីរពិសោធន៍នៅក្នុងទីក្រុងអ៊ូហាន (Wuhan) ប្រទេសចិន។

លោក Christopher Wray ប្រធានទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ FBI បានប្រាប់សារព័ត៌មាន Fox News កាលពីថ្ងៃអង្គារថា ពេលនេះទីភ្នាក់ងាររបស់លោកបានវាយតម្លៃលើប្រភពនៃវីរុស COVID-19 ថា វាពិតជាអាចទៅរួចដែលថា វាជាឧបទ្ទវហេតុមន្ទីរពិសោធន៍នៅក្នុងទីក្រុង Wuhan។ ក្រុមមន្ត្រីចិនបានទាត់ចោលយ៉ាងដាច់អហង្ការចំពោះការអះអាងនេះ ដោយហៅការលើកឡើងរបស់សហរដ្ឋអាមេរិកថា ជាយុទ្ធនាការលាបពណ៌ប្រឆាំងទីក្រុងប៉េកាំង។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Mao Ning បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកបានសើរើជាថ្មីពីទ្រឹស្ដីការលេចចេញពីមន្ទីរពិសោធន៍ ដែលនឹងមិនធ្វើឲ្យខូចកិត្តិយសរបស់ចិនឡើយ ផ្ទុយទៅវិញបានត្រឹមតែធ្វើឲ្យមុខមាត់ខ្លួនឯងធ្លាក់ចុះថែមទៀតតែប៉ុណ្ណោះ។
ការអត្ថាធិប្បាយរបស់លោក Wray បានកើតមានឡើង ក្រោយរបាយការណ៍កាលពីដើមសប្ដាហ៍នេះនិយាយថា ក្រសួងថាមពលអាមេរិកបានបញ្ជាក់ថា ការលេចធ្លាយចេញពីមន្ទីរពិសោធន៍វេជ្ជសាស្ត្ររបស់ចិន ពិតជាទំនងបង្កឲ្យមានការផ្ទុះឆ្លងរាលដាលវីរុស COVID-19 នេះ។ ប៉ុន្តែទីភ្នាក់ងារផ្សេងទៀតនៅក្នុងសហគមន៍ចារកម្មសហរដ្ឋអាមេរិកជឿថា វីរុសនេះលេចចេញដោយឯកឯងនៅលើពិភពលោកនេះ៕
អត្ថបទ៖ សុខមាន