ស៊ីហ្គេម៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ (CAMSOC-CAMMAPGOC) បានអះអាងថា ការលក់សិទ្ធិផ្សព្វផ្សាយទូរទស្សន៍ ឬការផ្សាយផ្ទាល់ព្រឹត្តិការណ៍កីឡាប្រចាំតំបន់នេះគឺគោរពតាមស្មារតីរួម ដែលបានឯកភាពគ្នាជាឯកច្ឆន្ទក្នុងក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ តែគ្មានការកំណត់តម្លៃដូចការចុះផ្សាយរបស់សារព័ត៌មានថៃឡើយ។
នេះគឺជាការស្រាយបំភ្លឺ ក៏ដូចជាឆ្លើយតបទៅនឹងសារព័ត៌មានថៃមួយចំនួនដែលបានផ្សាយថា កម្ពុជាបានកំណត់តម្លៃលើការទិញសិទ្ធិផ្សព្វផ្សាយទូរទស្សន៍ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។ ហេតុនេះ ឯកឧត្តមបានស្នើឲ្យមតិសាធារណជនកុំយល់ច្រឡំ ដ្បិតកម្ពុជាពុំបានកំណត់តម្លៃនោះទេ តែជាការអនុវត្តតាមច្បាប់ត្រឹមត្រូវ តាមរយៈការធ្វើការជាមួយគណៈកម្មាធិការជាតិអូឡាំពិកនៃប្រទេសអាស៊ីអាគ្នេយ៍ ហើយគណៈកម្មាធិការជាតិទាំងនោះនឹងធ្វើកិច្ចការផ្សាព្វផ្សាយនេះ ជាមួយស្ថានីយទូរទស្សន៍របស់គេរៀងៗខ្លួន ហើយបានគេយកតម្លៃនោះមកចរចាជាមួយម្ចាស់ផ្ទះវិញ។
គួរដឹងថា ក្នុងឋានៈកម្ពុជា ដោយមានឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គឺជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដើម្បីដឹកនាំរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ កម្ពុជាបង្កើតឲ្យមានច្បាប់ថ្មីមួយៗចំនួន សម្រាប់ជាគំរូដល់ប្រទេសផ្សេងៗដែលត្រូវធ្វើម្ចាស់ផ្ទះក្រោយៗ ជាក់ស្ដែងការកំណត់ឲ្យមានការលក់សិទ្ធិផ្សព្វផ្សាយទូរទស្សន៍របស់ម្ចាស់ផ្ទះជាដើម ដោយចាប់ផ្ដើមអនុវត្តចេញពីកម្ពុជាមុនគេ។ ការកំណត់នេះក៏មិនមានមតិណាមួយបានជំទាស់ លើការលក់សិទ្ធិផ្សព្វផ្សាយទូរទស្សន៍របស់ម្ចាស់ផ្ទះកម្ពុជាដែរ៕
អត្ថបទ៖ លី ឈុនឡា