មីយ៉ាន់ម៉ា៖ របបយោធារបស់ប្រទេសមីយ៉ាន់ម៉ា បាននិយាយកាលពីថ្ងៃអង្គារ ទី២៧ ខែមេសាថា ខ្លួននឹងយកចិត្តទុកដាក់ចំពោះការអំពាវនាវក្នុងតំបន់ឲ្យបញ្ឈប់អំពើហិង្សា នៅពេលដែលប្រទេសដែលរងការវាយប្រហារដោយរដ្ឋប្រហារ «វិលមករកស្ថិរភាពវិញ» ខណៈការប្រយុទ្ធគ្នាថ្មីៗបានផ្ទុះឡើងជាមួយក្រុមឧទ្ទាមជនជាតិភាគតិច ដ៏ធំមួយនៅតាមព្រំដែនភាគខាងកើតរបស់ខ្លួន។

ប្រទេសនេះស្ថិតក្នុងភាពច្របូកច្របល់ ចាប់តាំងពីយោធាបានបណ្ដេញមេដឹកនាំស៊ីវិលលោកស្រី Aung San Suu Kyi នៅក្នុងរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈបង្កឱ្យមានការបះបោរ ដែលគេបានឃើញកងកម្លាំងសន្តិសុខបង្កើនការបង្ក្រាប យ៉ាងសាហាវប្រឆាំងនឹងក្រុមបាតុករ។ អំពើហិង្សាដែលក្នុងនោះមានមនុស្សជាង ៧៥០នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខ នេះបើយោងតាមក្រុមឃ្លាំមើលស្ថានការណ៍ក្នុងតំបន់ បានធ្វើឲ្យមានការព្រួយបារម្ភនៅក្នុងចំណោមប្រទេសជិតខាងក្នុងតំបន់។
មេដឹកនាំរបបយោធាគឺលោក Min Aung Hlaing បានចូលរួមក្នុងកិច្ចប្រជុំមួយកាលពីចុងសប្ដាហ៍ ស្តីពីវិបត្តិនៅក្នុងសហភាពមីយ៉ាន់ម៉ាជាមួយមេដឹកនាំអាស៊ានទាំង ១០ប្រទេសដែលជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក ចាប់តាំងពីលោកបានដណ្ដើមក្ដោបក្ដាប់អំណាច។ បណ្ដាមេដឹកនាំអាស៊ានបានចេញសេចក្ដីថ្លែងការណ៍ "ការមូលមតិគ្នា ៥ ចំណុច" ដែលបានអំពាវនាវឱ្យបញ្ឈប់ការប្រើអំពើហិង្សាភ្លាមៗ និងដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដោយប្រេសិតពិសេសប្រចាំតំបន់៕
អត្ថបទ៖ សុខមាន