បាល់ទាត់៖ ក្រុមបិសាចក្រហម Manchester United បានបន្តដំណើរជោគជ័យរបស់ខ្លួនទៅមុខទៀតហើយ ក្រោយវាយបកយកឈ្នះក្រុមភ្ញៀវញញួរធំ West Ham ៣-១ ឡើងវគ្គ ៨ក្រុមចុងក្រោយ FA Cup។ មុនមកដល់ការប្រកួតនេះ Manchester United ទើបតែលើកពាន Carabao Cup ដែលជាពានដំបូងក្នុងរយៈពេល ៦ឆ្នាំ និងជាពានដំបូងក្រោមការដឹកនាំរបស់ Erik ten Hag ផងដែរ។

បន្ទាប់ពីវគ្គទី១ គ្មានក្រុមណារកគ្រាប់បាល់បាន West Ham បានបើកការនាំមុខនៅវគ្គទី២ ដោយ Said Benrahma នៅនាទីទី៥៤ មុនពេលដែលម្ចាស់ផ្ទះតាមស្មើវិញដោយបាល់ចូលទីខ្លួនឯងរបស់ Nayef Aguerd នាទីទី៧៧។ បន្ទាប់ពីតាមស្មើហើយកីឡាករវ័យក្មេងអាហ្សង់ទីន Alejandro Garnacho បានស៊ុតបញ្ចូលទីគ្រាប់នាំមុខលើកដំបូងនៅនាទីទី៩០ យ៉ាងអស្ចារ្យ មុនពេលដែល Fred ស៊ុតធានាជ័យជំនះនៅនាទីទី៩០+៥។ ជ័យជំនះនេះធ្វើឱ្យ Manchester United បន្តដំណើរប៉ុនប៉ងឈ្នះពាន ៤ ក្នុងរដូវកាលដោយត្រូវឡើងវគ្គ ៨ក្រុមចុងក្រោយ FA Cup ទទួលស្វាគមន៍ Fulham។ ងាកទៅក្រុមនៅ Premier League មួយទៀត Tottenham Hotspur មានជោគវាសនាផ្ទុយពីនេះគឺធ្លាក់ត្រឹមជុំទី៥ នេះក្រោយចាញ់នៅទឹកដីក្រុមនៅ League Champoinship, Sheffield United ១-០ ដោយគ្រាប់បាល់ជ័យជំនះរបស់ Iliman Ndiaye។

ជ័យជំនះនេះធ្វើឱ្យ Sheffield United ត្រូវជួប Blackburn Rovers នៅវគ្គ ៨ក្រុម។ ចំណែកការប្រកួតមួយគូទៀត ក្រុមមកពីលីគទី៤ League Two, Grimsby បានបង្កើតប្រវត្តិសាស្ត្រឡើងវគ្គ ៨ក្រុមចុងក្រោយ FA Cup លើកដំបូងក្នុងរយៈពេល ៨៤ឆ្នាំក្រោយយកឈ្នះនៅទឹកដី Southampton ២-១ មិនគួរឱ្យជឿដើម្បីបន្តទៅជួបម្ចាស់ផ្ទះ Brighton។ យោងតាមការចាប់ឆ្នោតវគ្គ ៨ក្រុមផងដែរ Manchester City នឹងត្រូវជួបជាមួយ Burnley ដែលកំពុងដឹកនាំដោយអតីតខ្សែការពាររបស់ខ្លួន Vincent Kompany៕
អត្ថបទ៖នាង សុភាវុធ