តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានឱ្យដឹងថា ក្នុងរយៈពេល ៥ឆ្នាំ នេះការងារបង្កបង្កើនផលស្រូវរដូវវស្សា និងស្រូវរដូវប្រាំងសម្រេចបានផ្ទៃដីសរុប ១.៥៦៩.២៨៦ ហិកតា បរិមាណផល សរុបចំនួន ៦.១៤៧.២៩៦ តោន និងបរិមាណស្រូវនៅសល់ សម្រាប់ធ្វើការនាំចេញទៅរាជធានីភ្នំពេញ និងប្រទេសវៀតណាមតាមច្រកព្រំដែនសរុបចំនួន ៤.១៤១.២៣៣ តោន។
ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំ (២០១៨-២០២៣) របស់រដ្ឋបាលខេត្តតាកែវ ថ្ងៃទី ២ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រីនេះ។ ឯកឧត្តមថ្លែងថា ផ្ទៃដីដំណាំរួមផ្សំមានចំនួន ៤.០០០ ហិកតា ក្រៅពីនេះមានផ្ទៃដីលំនៅដ្ឋាន ផ្ទៃដីបឹង ស្ទឹងប្រឡាយ ដីទំនេរ ដីគម្របព្រៃឈើ និងសំណង់សាធារណៈផ្សេងៗ។
ឯកឧត្ដមបានឱ្យដឹងថា ដោយមានកត្តាអំណោយផលពីធម្មជាតិ អាកាសធាតុ សណ្ឋានដី ដីជីវជាតិ និងប្រព័ន្ធស្រោចស្រពគ្រប់គ្រាន់ ធ្វើឱ្យខេត្តតាកែវជាប់ជាខេត្តជង្រុកស្រូវទី២ នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្ដមបន្តថា ខេត្តមានប្រព័ន្ធធារាសាស្ត្រកសិកម្មសរុបចំនួន ១៣០ប្រព័ន្ធ ក្នុងនោះមានប្រព័ន្ធធំចំនួន ០៧កន្លែង ប្រព័ន្ធមធ្យមចំនួន ៦៤កន្លែង និងប្រព័ន្ធតូចចំនួន ៥៩កន្លែង ហើយមានសក្តានុពលស្រោចស្រពស្រូវរដូវប្រាំងបានចំនួន ១៣៨.១៨៣ហត និងស្រូវរដូវវស្សាចំនួន ៤៦.៦១៧ ហិកតា។
បើតាមឯកឧត្ដមអភិបាល ខេត្តតាកែវមានអាងទឹកចំនួន ៩៤កន្លែង មានប្រវែងសរុប ២១៩.៦៨៦ម៉ែត្រ ក្នុងនោះទំនប់ការពារទឹកជំនន់ចំនួន ០១កន្លែង ប្រវែង ២៣.៤០០ម៉ែត្រ ប្រឡាយមេសរុបចំនួន ៩២៧.៤២៨ម៉ែត្រ ប្រឡាយរងប្រវែង ១៤៦.១៣៥ម៉ែត្រ និងស្ថានីយបូមទឹកចំនួន ៣៥កន្លែង ក្នុងនោះអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានចំនួន ០៤កន្លែង រួមមានស្ថានីយទី៧, ៨, ២២ និងស្ថានីយទី២៣ ស្ថិតនៅស្រុកបាទី៕ អត្ថបទ៖ ដារ៉ា
