សហរដ្ឋអាមេរិក៖ សារព័ត៌មាន Reuters បានរាយការណ៍ដោយសំអាងដល់ប្រភពពីមន្ត្រីអាមេរិកមិនបញ្ចេញឈ្មោះ ៤នាក់ និងប្រភពផ្សេងៗថា សហរដ្ឋអាមេរិកកំពុងស្វែងរកការគាំទ្រពីសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួន ចំពោះលទ្ធភាពនៃការដាក់ទណ្ឌកម្មដែលមានការសម្របសម្រួលទៅលើប្រទេសចិន ប្រសិនបើប្រទេសនេះផ្ដល់ជំនួយមិនបម្រើឲ្យសង្គ្រាមដល់ប្រទេសរុស្ស៊ី សម្រាប់ជួយក្នុងសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។
ប្រភពមួយចំនួនដែលបានដឹងបញ្ហានេះបានប្រាប់សារព័ត៌មាន Reuters ការប៉ុនប៉ងរបស់រដ្ឋបាលលោក Biden ដើម្បីដាក់សម្ពាធលើការគាំទ្ររបស់ចិនចំពោះរុស្ស៊ី រួមទាំងការប្រាស្រ័យទាក់ទងក្រៅផ្លូវការជាមួយបុគ្គលិក និងកម្រិតការទូត។ ប្រភពទាំងនោះមិនទាន់បញ្ជាក់ច្បាស់ទេថា តើទណ្ឌកម្មប្រភេទណាដែលត្រូវបានដាក់ក្រោមការពិចារណានោះ។ យោងតាមប្រភពមួយដែលបានប្រាប់សារព័ត៌មាន Reuters សហរដ្ឋអាមេរិកបញ្ជាក់ឲ្យបានច្បាស់ នៅក្នុងចំណោមសម្ព័ន្ធមិត្តរបស់ខ្លួនលើការដាក់ទណ្ឌកម្មប្រឆាំងប្រទេសចិន ក្នុងករណីមានការដឹកជញ្ជូនជំនួយណាមួយទៅឲ្យរុស្ស៊ីមែននោះ។
ក្រសួងរតនាគារអាមេរិកមួយក្នុងចំណោមភ្នាក់ងារដែលពិនិត្យមើលទណ្ឌកម្ម បានបដិសេធមិនធ្វើអត្ថាធិប្បាយដល់សារព័ត៌មាន Reuters។ ប្រមុខការបរទេសអាមេរិកលោក Antony Blinken បានព្រមានអ្នកការទូតជាន់ខ្ពស់របស់ចិនលោក Wang Yi ថា បើចិនផ្គត់ផ្គង់ឲ្យរុស្ស៊ីមែននោះ ចិននឹងទទួលរងផលវិបាកធ្ងន់ធ្ងរក្នុងទំនាក់ទំនងប្រទេសទាំង២។ កាលពីថ្ងៃទី២៤ ខែកុម្ភៈប្រធានចារកម្មអាមេរិក CIA លោក Bill Burns បានបញ្ជាក់ក្នុងបទសម្ភាសន៍មួយថា ចិនកំពុងពិចារណាបញ្ជូនជំនួយមិនបម្រើក្នុងសង្គ្រាមឲ្យទៅរុស្ស៊ី ដែលចិននៅតែទាត់ចោលដដែលៗ៕
អត្ថបទ៖ សុខមាន