ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ នៅទូទាំង ប្រទេសសូមកុំភ័យខ្លាច ចំពោះខេត្តតាកែវ ដោយអាជ្ញាធរ បានថែរក្សាសុខ សុវត្ថិភាពបានល្អ មិនដូចអ្វីទាំងស្រុង ដូចការផ្សព្វផ្សាយបង្អាប់តាមហ្វេសប៊ុកនោះទេ ។
ក្នុងសន្និសីទសារព័ត៌មានស្តីពី ភាពជោគជ័យសម្រេចបានរយៈពេល ៥ឆ្នាំ របស់ខេត្តតាកែវ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ូច ភា មានប្រសាសន៍ទទួលស្គាល់ ពីការកើតឡើងនូវបញ្ហាអសន្តិសុខមួយចំនួន បង្កឲ្យមានភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ ពិសេសករណីកើតឡើងថ្មីៗនេះ ដែលមានការប្រើអំពើហិង្សា បណ្ដាលឲ្យមានមនុស្សស្លាប់ ។
ឯកឧត្តមបន្តថា ចំពោះករណីនេះ ទាំងអាជ្ញាធរ ឪពុកម្ដាយជនសង្ស័យ ឬក្រុមគ្រួសារជនរងគ្រោះ សុទ្ធសឹងតែមិនចង់ឲ្យកើតមានឡើង និងបានសម្ដែងនូវការសោកស្ដាយ ប៉ុន្តែយ៉ាងណា អាជ្ញាធរខេត្តកំពុងពង្រឹងយ៉ាងខ្លាំង ចំពោះបញ្ហាសន្តិសុខ ។
ឯកឧត្តម អ៊ូច ភា បានសង្កត់ធ្ងន់ថា ខេត្តតែកែវមានសន្តិសុខល្អ ដូចបណ្ដាខេត្តផ្សេងៗផងដែរ និងសូមប្រជាពលរដ្ឋកុំមានការភ័យខ្លាច ចំពោះខេត្តតាកែវ ហើយកុំជឿតាមអ្វីដែលបានផ្សព្វ ផ្សាយលើបណ្ដាញសង្គម ។
ឯកឧត្តមអភិបាលខេត្ត បន្ថែមថា រយៈពេល៥ឆ្នាំ បទល្មើសព្រហ្មទណ្ឌនៅក្នុងខេត្តកើតឡើងចំនួន ៩៩៥ករណី បង្រ្កាបជាក់ស្តែងបានចំនួន ៩៧៩ករណី ចាប់ខ្លួនបានចំនួន ១ ១៧៦ នាក់ ស្មើនឹង ៩៨ភាគរយ បង្រ្កាបតាមដីកាបានចំនួន ៨៦ដីកា ។
ក្នុងបទល្មើសទាំងអស់នេះ បានបង្ក្រាបក្មេងទំនើងចំនួន ៦៦ករណី ឃាត់ខ្លួនបានចំនួន ១៩៣នាក់ ក្នុងនោះធ្វើកិច្ចសន្យាអប់រំចំនួន ៥៧ករណី និងបញ្ជូនទៅតុលាការចំនួន ៩ករណី ។
អភិបាលខេត្តតាកែវ បានបញ្ជាក់ថា សភាពការណ៍សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងភូមិសាស្ត្រខេត្តតាកែវ និងនៅតាមតំបន់ព្រំដែន មានភាពល្អប្រសើរ ដែលនេះ ស្តែងឱ្យឃើញពីការខិតខំប្រឹងប្រែង បំពេញការងាររបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក និងគ្រប់លំដាប់ថ្នាក់ទាំងអស់នៅក្នុងខេត្ត ៕អត្ថបទ៖ បាន សុខរិទ្ធិ
