កូរ៉េខាងជើង៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើងបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានបញ្ជាឲ្យពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងពង្រីកផ្ទៃដីកសិកម្មដើម្បីបង្កើនផលិតកម្មស្បៀងអាហារ ស្របពេលមានការព្រមានពីការគំរាមកំហែងនៃវិបត្តិស្បៀងអាហារ។

លោក Kim បានណែនាំកែលម្អប្រព័ន្ធធារាសាស្ត្រ បង្កើតម៉ាស៊ីនធ្វើកសិកម្មទំនើប និងបង្កើតផ្ទៃដីសម្រាប់ធ្វើកសិកម្មឲ្យបានច្រើនបន្ថែមទៀត ស្របពេលលោកបានបិទបញ្ចប់សម័យប្រជុំពេញអង្គលើកទី៧ នៃគណៈកម្មការមជ្ឈិមដ៏មានឥទ្ធិពលរបស់គណបក្សកាន់អំណាចពលករកូរ៉េកាលពីថ្ងៃពុធ។ កិច្ចប្រជុំនេះបានចាប់ផ្ដើមកាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាពីការងារបន្ទាន់ផ្ដោតលើការអភិវឌ្ឍន៍វិស័យកសិកម្ម។
កូរ៉េខាងត្បូងបានព្រមានពីវិបត្តិស្បៀងអាហារធ្ងន់ធ្ងរនៅក្នុងប្រទេសឯកាកូរ៉េខាងជើង រួមទាំងការកើនឡើងចំនួនអ្នកស្លាប់ថ្មីៗដោយសារភាពអត់ឃ្លាននៅក្នុងតំបន់មួយចំនួន។ សេដ្ឋកិច្ចកូរ៉េខាងជើងត្រូវបានញាំញីដោយទឹកជំនន់ និងព្យុះទីហ្វុង ទណ្ឌកម្មលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន និងការធ្លាក់ចុះផ្នែកពាណិជ្ជកម្មជាមួយប្រទេសចិន ស្របពេលបិទព្រំដែន និងការបិទខ្ទប់ដោយសារវីរុស COVID-19៕
អត្ថបទ៖ សុខមាន