បាល់ទាត់៖ គ្រូបង្វឹកក្រុមជម្រើសជាតិចិនថ្មីលោក Aleksandar Jankovic បានកំណត់គោលដៅនាំក្រុមជម្រើសជាតិចិន បង្ហាញខ្លួននៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ឱ្យបាន។ ការលើកឡើងបែបនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានផ្លូវការ បង្ហាញមុខគ្រូបង្វឹកក្រុមជម្រើសជាតិចិនថ្មីនៅទីក្រុង Haikou ខេត្តហៃណានប្រទេសចិន។

លោក Aleksandar Jankovic ដែលត្រូវបានប្រកាសតែងតាំងកាលពីពេលថ្មីៗ និងត្រូវដឹកនាំក្រុមចិនបង្ហាញខ្លួននៅការប្រកួតបាល់ទាត់ជើងឯកអាស៊ី AFC Asian Cup 2023 និងជម្រុះ World Cup 2026។ ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦ នឹងក្លាយជាការប្រកួតលើកទី១ នៃការប្រកួតដែលមាន ៤៨ក្រុមដែលអាចឱ្យក្រុមអាស៊ីយ៉ាងតិចចំនួន ៨ចូលរួម។ ចុងក្រោយបំផុតដែលចិនលេងនៅ World Cup គឺក្នុងឆ្នាំ២០០២ ដែលជប៉ុន និងកូរ៉េជាម្ចាស់ផ្ទះ។
Jankovic ជាអតីតជំនួយការអ្នកចាត់ការទូទៅរបស់ក្រុមអាយុក្រោម ២១ឆ្នាំរបស់ស៊ែបក្នុងទសវត្សរ៍ឆ្នាំ២០០០ ក៏ធ្លាប់ដឹកនាំក្លឹបក្លិបអាជីពនៅអឺរ៉ុបមួយចំនួនផងដែររួមទាំង Red Star Belgrade របស់ស៊ែប និង Standard Liege របស់បែលហ្ស៊ិក។ លោកបានចូលរួមជាមួយក្រុម U19 B របស់ចិនជាលើកដំបូងនៅក្នុងខែកញ្ញា ឆ្នាំ២០១៨ មុនពេលទទួលបន្ទុកដឹកនាំក្រុម U23 របស់ចិនដែលបានកែទម្រង់ក្នុងការរៀបចំ សម្រាប់ការប្រកួតកីឡាអាស៊ីឆ្នាំ២០២២ Hangzhou ដែលត្រូវបានពន្យារពេល៕
អត្ថបទ៖នាង សុភាវុធ