កំពង់ឆ្នាំង៖ ថ្ងៃទី០២ខែមីនា ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ឆ្នាំង ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញក្នុងពិធីអបអរសាទរការ ប្រកាសខេត្តកំពង់ឆ្នាំង ជាខេត្តអស់មីនទី៩ ក្រោមគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ។
ពិធីប្រកាសនេះ មានការចូលរួមពីអ្នកតំណាងរាស្រ្ត រដ្ឋបាលខេត្ត មន្រ្តីរាជការជុំវិញខេត្ត អាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រតិបត្តិករបោសសម្អាតមីន និងបងប្អូនជនមានពិការភាព។
ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានពាំនាំនូវសេចក្តីនឹករលឹក និងការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះមន្រ្តីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងទាំងមូល ព្រមទាំងបានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់នូវកិច្ចសហការយ៉ាងល្អប្រសើរ ក្នុងការរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានលើកឡើងថា សមិទ្ធផលនៃការងារបោសសម្អាតមីននៅខេត្តកំពង់ឆ្នាំងនេះ បានកើតឡើងចេញពីម្លប់សន្តិភាព ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ហើយបានគ្មានសន្តិភាពទេ អ្វីៗក៏គ្មានដែរ រាប់បញ្ចូលទាំងការងារបោសសម្អាតមីន។ គិតត្រឹមឆ្នាំ២០២២ រយៈពេល ៣០ឆ្នាំ កម្ពុជា បានរំដោះផ្ទៃដីពីការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានចំនួន ២.៥៥៤ គីឡូម៉ែត្រក្រឡា រកឃើញនិងកំទេចចោលមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រាប់លានគ្រាប់។
កម្ពុជាស្ថិតក្នុងចំណោមប្រទេសក្នុងពិភពលោកដំបូងគេ ដែលធ្វើការបោសសម្អាតមីនមនុស្សធម៌ជាទ្រង់ទ្រាយធំ និងត្រូវបានទទួលស្គាល់ជាអន្តរជាតិ ជាប្រទេសឈានមុខគេក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងពិភពលោកជាប្រទេសដែលមានផ្ទៃដីបោសសម្អាតមីនរួចធំជាងគេ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀតថា ក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់ និងប្រកបដោយទស្សនវិស័យរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាលកម្ពុជា បានជំរុញឥតឈប់ឈរដល់កិច្ចខិតខំប្រឹងប្រែងនៅក្នុងសកម្មភាពមីន និងតែងតែចាត់ទុកសកម្មភាពមីន ជាការងារអាទិភាពដ៏ចំបងនៅក្នុងសកម្មភាពស្ដារ និងអភិវឌ្ឍន៍ប្រទេសជាតិ ពិសេសការឈានទៅសម្រេចបាននូវផែនការយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ច ដោយត្រូវបញ្ចប់ការងារបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥។
អាជ្ញាធរមីន នឹងបន្តសហការជាមួយដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករបោសសម្អាតមីន និងគ្រប់ភាគីពាក់ព័ន្ធ ប្តេជ្ញាចិត្តបំពេញបេសកកម្មរួមគ្នាសម្រេចឲ្យបាននូវចក្ខុវិស័យរបស់សម្តេចតេជោ ក្នុងការបញ្ចប់ការងារបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា នៅខេត្តកំពង់ឆ្នាំង គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ ផ្ទៃដីសង្ស័យមានមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសរុបប្រមាណជាង ៧ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច ដោយរកឃើញ និងកំទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ២.៨៥២ គ្រាប់ មីនប្រឆាំងរថក្រោះ ៥០ គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ៣៥.៤២៨ គ្រាប់ ដោយអង្គភាពស៊ីម៉ាក់។ សម្រាប់ការអនុវត្តគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីននៅខេត្តកំពង់ឆ្នាំង និងឈានដល់ប្រកាសជាខេត្តអស់មីន នាថ្ងៃនេះ អង្គភាពស៊ីម៉ាក់ បានធ្វើការបោសសម្អាតមីនចុងក្រោយ ក្នុងទំហំផ្ទៃដីសរុបចំនួន ០.៦៧ គីឡូម៉ែត្រក្រឡា ស្មើនឹង ១០ ចម្ការមីន។ បន្ទាប់ពីបញ្ចប់វត្តមានគ្រាប់មីនចុងក្រោយនៅខេត្តកំពង់ឆ្នាំង ដែលយើងបានដឹង និងត្រូវបានប្រកាសអស់មីន ខេត្តកំពង់ឆ្នាំង នៅសល់ផ្ទៃដីសង្ស័យមានគ្រាប់បែកចង្កោម និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ប្រមាណជាង ៦,៦ គីឡូម៉ែត្រក្រឡា ស្មើនឹង ៥០ ចម្ការគ្រាប់ទៀត។
ជាមួយគ្នានេះក្នុងនាម សម្តេចតេជោនាយករដ្ឋមន្រ្តី ឯកឧត្តម ទេសរដ្ឋមន្រ្តី បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តកំពង់ឆ្នាំង បន្តមានការប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យដែលអាចកើតមានឡើងដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម ៕







