
ភ្នំពេញ៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងសង្គមស៊ីវិល បានបង្ហាញការគាំទ្រចំពោះចំណាត់ការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលបានបញ្ជាឱ្យកែប្រែច្បាប់ពាក់ព័ន្ធនានា ដើម្បីអាចឱ្យប្រជាពលរដ្ឋ អាចចិញ្ចឹមសត្វកម្រ ឬ សត្វព្រៃកម្រជិតផុតពូជ បាននៅតាមផ្ទះ។
អ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ អ៊ឹម រចនា បានថ្លែងប្រាប់ BTV ថា ប្រសាសន៍សម្ដេចតេជោ នាយករដ្ឋមន្រ្ដី ក៏ដូចជាគោលការណ៍ដែលសម្ដេច បានដាក់ចេញមក គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ។
លោកជំទាវថ្លែងថា ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នឹងគោរពអនុវត្តតាមប្រសាសន៍របស់សម្ដេចតេជោយ៉ាងម៉ត់ចត់ និងខ្ជាប់ខ្ជួនស្របតាមការណែនាំរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដី។
ទាក់ទងនឹងករណីនេះដែរ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងពេលដែលឯកឧត្តមកំពុងបំពេញទស្សនកិច្ចនៅប្រទេសបារាំងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងកែប្រែសម្រួលបទដ្ឋានច្បាប់ពាក់ព័ន្ធនានា ហើយនិងជួយផ្នែកបច្ចេកទេសថែទាំសុខភាពសត្វ ដើម្បីឲ្យការចិញ្ចឹម «សត្វព្រៃកម្រជិតផុតពូជ» ឱ្យបានត្រឹមត្រូវ។
ចំណែកលោក ចាន់ វិចិត្រ អតីតប្រធានកម្មវិធីនៃអង្គការសង្គ្រោះសត្វព្រៃ (Save Cambodia Wildlife) បានគាំទ្រចំពោះប្រសាសន៍របស់សម្ដេចតេជោ ដោយលោកយល់ថា សត្វកម្រដូចជាសត្វក្ងោក និងសត្វមួយចំនួនទៀត ត្រូបានប្រជាពលរដ្ឋយកមកចិញ្ចឹម និងបានបន្សាំយ៉ាងល្អ ដូច្នេះពលរដ្ឋអាចមានសិទ្ធិចិញ្ចឹមសត្វកម្រទាំងនេះបាន។
គួរបញ្ជាក់ថា ក្នុងពេលអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិត វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជិត ៥ ពាន់នាក់នៅមជ្ឈមណ្ឌលសន្និបាត និងនិងពិព័រណ៍កោះពេជ្រនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បញ្ជាឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ ពិនិត្យបន្ទាន់លើបញ្ហាច្បាប់ពាក់ព័ន្ធ កែប្រែឱ្យពលរដ្ឋអាចចិញ្ចឹមសត្វជិតផុតពូជបានជាជាងទៅចាប់យកសត្វដែលពលរដ្ឋខំចិញ្ចឹមមកទុក។ សម្ដេច បញ្ជាក់ថា ការចិញ្ចឹមសត្វកម្ររបស់ពលរដ្ឋនឹងជួយបង្កើនចំនួនសត្វព្រៃឡើងវិញ នៅកម្ពុជាផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា



