ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ង៉ែត សុបញ្ញា នាយករងមនី្ទរពេទ្យ តំណាងលោកវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមនី្ទរពេទ្យជាតិ តេជោសន្តិភាព តាមរយៈBTV ព័ត៌មាន នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣នេះថា មនី្ទរពេទ្យជាតិ តេជោសន្តិភាព បានរៀបចំសម្ភារៈបរិក្ខាវេជ្ជសាស្រ្តរួចរាល់ និងប្រកាសបើកដំណើរការទទួលព្យាបាលជំងឺជូនកីឡាករ កីឡាការិនី។
លោកវេជ្ជបណ្ឌិត ង៉ែត សុបញ្ញា បានបន្តថា សំណង់មនី្ទរពេទ្យជាតិ តេជោសន្តិភាព គិតត្រឹមថ្ងៃនេះ សម្រេចការសាងសង់បានជាង៧០% ហើយអ្វីដែលយើងកំពុងបន្តធ្វើយ៉ាងមមាញឹកនេះ គឺឋិតនៅអគារE ដែលរៀបចំជាកន្លែងសម្រាប់សង្រ្គោះបន្ទាន់ ផ្នែកវៈកាត់ជាចម្បង ហើយការងារជាទូទៅសម្រេចបានប្រហែលជា៨០%។ ក្នុងអំឡុងពេលនេះ យើងក៏បានរៀបចំអគារH-3 ដើម្បីត្រៀមទទួលកីឡាករ កីឡាការិនី ដែលមានបញ្ហាសុខភាព គ្រោះថ្នាក់ផ្សេងៗ ក្នុងអំឡុងពេលហ្វឹកហាត់ ឬក៏អំឡុងពេលប្រកួត តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត។ ត្រង់ចំណុចនេះ លោកវេជ្ជបណ្ឌិត បានលើកឡើងទៀតថា ថ្នាក់ដឹកនាំមនី្ទរពេទ្យ បានចាប់ផ្តើមរៀបចំដាក់ឲ្យដំណើរការជាបណ្តោះអាសន្ន សម្រាប់ទទួលព្យាបាលកីឡាករ កីឡាការិនី កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣។ ដូច្នេះកាលពីម្សិលមិញយើងក៏មិនទាន់ទទួលអ្នកជំងឺដែលជាកីឡាករ កីឡាការិនីនៅឡើយទេ។ ប៉ុន្តែយើងបានរៀបចំកម្លាំងក្រុមការងារគ្រូពេទ្យរួចជាស្រេចគ្រប់ឯកទេស ព្រមទាំងសម្ភារៈបរិក្ខារវេជ្ជសាស្រ្ត ដើម្បីជម្រុញដល់ការពិនិត្យ ព្យាបាលជំងឺជូនគាត់ផងដែរ។ និយាយដោយឡែកចំពោះព្រឹតិ្តការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ាន ប៉ារ៉ាហ្គេម ២០២៣ នឹងចូលមកដល់នាថ្ងៃទី៥ រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ យើងបានរៀបចំក្រុមការងារគ្រូពេទ្យពិសេសមួយក្រុម ដែលប្រចាំការរៀងរាល់ថ្ងៃ ដើម្បីជួយសម្របសម្រួលក្នុងការជួយសង្រ្គោះបឋម សង្រ្គោះបន្ទាន់ ដល់អ្នកជំងឺក្រុមកីឡាករ កីឡាការិនីទាន់ពេលវេលា។
ក្នុងនាមលោកវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមនី្ទរពេទ្យជាតិ តេជោសន្តិភាព ជាពិសេសថ្នាក់ដឹកនាំក្រសួងសុខាភិបាលទាំងអស់ លោកវេជ្ជបណ្ឌិត សូមគោរពថ្លែងអំណរគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ដែលបានគិតគូរដ៏ខ្ពង់ខ្ពស់ បានរៀបចំមនី្ទរពេទ្យនេះឡើង ដើម្បីជួយសម្របសម្រួលដល់ក្រុមការងារគ្រូពេទ្យ ជាពិសេសជួយសម្រាលដល់ការព្យាបាលជំងឺជូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសឋិតក្នុងដំណាក់កាលដែលយើងបានខិតខំប្រឹងប្រែងសម្រាប់ការការពារ ទប់ស្កាត់ជំងឺឆ្លង បើមានហានិភ័យកើតឡើងនូវករណីជំងឺឆ្លងនានា ក៏យើងមានទីតាំងសម្រាប់ទទួលព្យាបាលជំងឺឆ្លងកុំឲ្យមានបញ្ហាជួបប្រទះ នូវអ្វីដែលជាបទពិសោធន៍កន្លងមកក្នុងវិបតិ្តកូវីដ-១៩ ដែលយើងមិនអាចរកទីតាំងពិតប្រាកដជូនប្រជាពលរដ្ឋដែលទទួលការឆ្លងជំងឺកូវីដ-១៩។ អ្វីដែលកាន់តែពិសេសទៀតនោះ គឺជាឱកាសដ៏ល្អសម្រាប់បងប្អូនក្រុមកីឡាករ កីឡាការិនី ដែលមានទីតាំងព្យាបាលជូនគាត់ពិតប្រាកដ ក្នុងអំឡុងពេលហ្វឹកហាត់ និងប្រកួត។ ដូច្នេះកីឡាករ កីឡាការិនី មានទីតាំងច្បាស់ តម្រង់ទិស និងដើម្បីមកទទួលសេវាថែទាំព្យាបាលជំងឺនៅមនី្ទរពេទ្យជាតិ តេជោសន្តិភាព ដោយឥតគិតថ្លៃផងដែរ៕អត្ថបទ៖ រដ្ឋា







