បាល់ទាត់៖ លោក Just Fontaine ដែលកាន់កំណត់ត្រាស៊ុតបញ្ចូលទីច្រើនបំផុតក្នុងមួយព្រឹត្តិការណ៍ World Cup បានទទួលមរណៈភាពហើយក្នុងវ័យ ៨៩ឆ្នាំ។ អតីតខ្សែប្រយុទ្ធបារាំងរូបនេះបានស៊ុតបញ្ចូលទី ១៣គ្រាប់ក្នុងចំណោម ៦ប្រកួតតែក្នុងមួយព្រឹត្តិការណ៍ World Cup 1958 នៅប្រទេសស៊ុយអែត ដែលបារាំងនៅពេលនោះទទួលបានចំណាត់ថ្នាក់លេខ៣។

ក្រៅពីកាន់កំណត់ត្រានេះលោក Just Fontaine ក៏ស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ អ្នកស៊ុតបញ្ចូលទីច្រើនបំផុតនៅ World Cup សរុបស្មើគ្នាជាមួយ Lionel Messi ផងដែរ។ ក្លិបបាល់ទាត់ Stade de Reims និង Paris Saint Germain ដែលជាក្លិបលោកធ្លាប់ប្រកបអាជីព ក៏ដូចជាសហព័ន្ធបាល់ទាត់បារាំងបានចេញសេចក្តីថ្លែងការណ៍ ពីការរំលែកទុក្ខក្រុមគ្រួសារសព និងសោកស្តាយចំពោះការបាត់បង់វីរៈបុរសបាល់ទាត់បារាំងមួយរូប។ គ្រប់ការប្រកួតបាល់ទាត់អាជីពនៅក្នុងទឹកដីបារាំងក្នុងសប្តាហ៍នេះ នឹងមានការគោរពវិញ្ញាណក្ខន្ធមុនការប្រកួត។
សូមបញ្ជាក់ថា មានកីឡាករតែបីនាក់ប៉ុណ្ណោះដែលស៊ុតបញ្ចូលទីច្រើនបំផុតនៅ World Cup ពីលើលោក Just Fontaine។ យ៉ាងណាក្តីលោក Just Fontaine ជាប់ជំរើសជាតិបារាំងបង្ហាញខ្លួនបានត្រឹម ៣១លើកប៉ុណ្ណោះចន្លោះឆ្នាំ១៩៥៣ ដល់ ១៩៦០ តែស៊ុតបញ្ចូលទីសរុបបាន ៣០គ្រាប់៕
អត្ថបទ៖នាង សុភាវុធ