វាយកូនបាល់៖ កីឡាករវាយកូនបាល់លេខ ១ ពិភពលោក Novak Djokovic បានបន្តដំណើរឡើងវគ្គ ៨ក្រុមចុងក្រោយនៃកម្មវិធី Dubai Tennis Championships ក្រោយយកឈ្នះកីឡាករហូឡង់ Tallon Griekspoor។ កីឡាករជើងឯក ២២ Grand Slam រូបនេះទើបតែបានយកឈ្នះកីឡាករឆែក Tomas Machac តែត្រូវការលេង ៣សិតកាលពីថ្ងៃអង្គារ មុនពេលយកឈ្នះកីឡាករហូឡង់ម្សិលមិញ ៦-២ និង ៦-៣។

ជុំបន្តកីឡាករស៊ែបរូបនេះនឹងត្រូវជួបជាមួយកីឡាករប៉ូឡូញ Hubert Hurkacz ថ្ងៃព្រហស្បតិ៍នេះ។ កីឡាករវ័យ ៣៥ឆ្នាំ Novak Djokovic កំពុងប៉ុនប៉ងឈ្នះពាន Dubai Tennis Championship នេះលើកទី៦ ក្នុងអាជីពរបស់ខ្លួន។ ងាកមកលទ្ធផលផ្សេងទៀត អ្នកការពារតំណែងជើងឯក Ruben Rublev បានសង្គ្រោះពិន្ទុជ័យជំនះ ៥លើករបស់គូប្រកួតកីឡាករអេស្ប៉ាញ Alejandro Davidovich Fokina រហូតយកឈ្នះវិញ ១-៦, ៧-៦(៨-៦) និងសិតចុងក្រោយ ៧-៦(៧-៣) ដើម្បីបន្តជួបជាមួយកីឡាករហូឡង់ Botic van der Zandschlup នៅវគ្គ ៨នាក់ចុងក្រោយ។
ចំណែកឯអតីតកីឡាករលេខ ១ ពិភពលោក Daniil Medvedev បានយកឈ្នះកីឡាករកាហ្សាក់ស្ថាន Alexander Bublik ៦-៤ និង ៦-២ ដើម្បីបន្តជួបជាមួយកីឡាករក្រូអាស៊ី Borna Coric។ កីឡាករអ៊ីតាលី Lorenzo Sonego យកឈ្នះកីឡាករកាណាដា Felix Auger-Aliasimme បន្តជួបជាមួយកីឡាករអាល្លឺម៉ង់ Alexander Zverev៕
អត្ថបទ៖នាង សុភាវុធ