វាយកូនបាល់៖ កីឡាករវាយកូនបាល់ស៊ែប Novak Djokovic បានបំបែកកំណត់ត្រារបស់អតីតកីឡាការិនីអាល្លឺម៉ង់ Steffi Graf ហើយក្នុងការឈរតំណែងលេខ ១ ពិភពលោកបានច្រើនសប្តាហ៍បំផុត។
កីឡាករវ័យ ៣៥ឆ្នាំរូបនេះបានចាប់ឈរតំណែងលេខ ១ ពិភពលោកតាំងពីឆ្នាំ២០១១ ហើយសប្ដាហ៍នេះបានបំបែកកំណត់ត្រារបស់ Steffi Graf ដែលកាន់កាប់តាំងពីឆ្នាំ១៩៨៧ ដោយឈរតំណែងលេខ ១ សរុប ៣៧៧សប្តាហ៍ ខណៈ Djokovic បានឈានដល់សប្តាហ៍ទី៣៧៨។ Steffi Graf បានឈរតំណែងលេខ ១ រយៈពេល ១៨៦សប្តាហ៍ជាប់គ្នា ជាកំណត់ត្រាមួយដែលតាមស្មើដោយ Serena Williams កាលពីឆ្នាំ២០១៦។
Novak Djokovic បានត្រលប់ឡើងមកឈរតំណែងលេខ ១ ពិភពលោកជាលើកដំបូងរយៈពេល ៦ខែបន្ទាប់ពីឈ្នះជើងឯក Grand Slam, Australian Open កាលពីខែមករា។ បច្ចុប្បន្ន Djokovic មាន ៧០៧០ពិន្ទុក្នុងតារាង ATP World Ranking ៥៩០ពិន្ទុច្រើនជាងអ្នកលេខ២ កីឡាករវ័យ ១៩ឆ្នាំអេស្ប៉ាញ Carlos Alcaraz៕
អត្ថបទ៖នាង សុភាវុធ