
ភ្នំពេញ៖ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី ឆ្នាំ២០២៣ ចំនួន ១១នាក់ បានចូលជួបសំដែងការគួរសមមុនចេញដំណើរទៅបន្តការសិក្សានៅអូស្ត្រាលី ជាមួយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា។
ក្នុងជំនួបនោះ លោកជំទាវអគ្គលេខាធិការ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធប ណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះនិស្សិតទាំងអស់។
ក្នុងជំនួបនោះដែរ លោកជំទាវក៏បានបង្ហាញពីសាវតាខ្លះៗ នៃការកកើត និងសមិទ្ធផលជាច្រើនរបស់កាកបាទក្រហមកម្ពុជា ដែលរហូតមកដល់ពេលនេះ ធ្វើឲ្យកាកបាទក្រហមកម្ពុជា មានលទ្ធភាព និងសមត្ថភាព អាចជួយខ្លួនឯងបាន និងមានកេរ្តិ៍ឈ្មោះល្បីល្បាញទាំងថ្នាក់ជាតិ និងឆាកអន្តរជាតិ ក៏ដូចជាយុទ្ឋសាស្រ្តបន្ត ២ ០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ដែលបានដាក់អោយអនុវត្តប្រើប្រាស់នៅទូទាំងសមាគមជាតិកាកបាទក្រហម។
លោកជំទាវ ក៏បានផ្តល់នូវបទពិសោធន៍ និងដំបូន្មានល្អៗ ដល់ក្រុមនិស្សិតទាំងអស់យកទៅអនុវត្ត និងបង្ហាញអំពីសកម្មភាពមនុស្សធម៌ ដែលមានលក្ខន្តិកៈ វិធាន នៃនីតិក្រមបទបញ្ញត្តិហិរញ្ញវត្ថុត្រឹមត្រូវ និងយុទ្ធសាស្ត្រដែលមានរយៈពេល ១០ឆ្នាំ សម្រាប់អនុវត្តការងារ ជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ជាពិសេសក្រោមការដឹនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺអភិវឌ្ឍស្ថាប័នក្នុងការធ្វើវិមជ្ឈការ និងវិសហមជ្ឈការ ផ្នែកហិរញ្ញវត្ថុ ដើម្បីឲ្យសាខាកាកបាទក្រហមកម្ពុជា ទាំង២៥ មានភាពរឹងមាំ និងមានលទ្ធភាពក្នុងការសម្រាលការលំបាក ជូនប្រជាពលរដ្ឋបានទាន់ពេល។
លោកស្រី ហេង វង្សដាលីស តំណាងបេក្ខជនជ័យលាភីអាហារូកណ៍រដ្ឋាភិបាលអូស្ត្រាលី ឆ្នាំ២០២៣ បានបង្ហាញនូវក្តីសោមន្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ និងជួយជ្រោមជ្រែងលើកទឹកចិត្ត ដល់ក្រុមនិស្សិតនា ពេលកន្លងមក ក៏ដូចជាអនុញ្ញាតឱ្យក្រុមនិសិ្សតទាំងអស់ បានចូលជួបសម្តែងការគួរសមនាពេលនេះ។
លោកស្រីបន្តថា រដ្ឋាភិបាលអូស្ត្រាលី បានផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជា អស់រយៈពេល២៨ឆ្នាំមកហើយ ជាក់ស្តែងនៅក្នុងឆ្នាំ២០២៣នេះ មានបេក្ខជនជ័យលាភីសរុបចំនួន៤៥នាក់ និងបែងចែកជាពីរក្រុម ដោយក្រុមទី១មានចំនួន៣០នាក់ បានចេញដំណើរទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី កា លពីដើមខែមករា ឆ្នាំ២០២៣ និងក្រុមទី២នេះមានចំនួន១៥នាក់ និងគ្រោងចេញដំណើរទៅបន្តការសិ ក្សានៅក្នុងខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះផងដែរ។
ជាចុងបញ្ចប់លោកជំទាវ បានផ្តាំផ្ញើទៅក្រុមនិសិ្សតអាហារូបករណ៍ទាំងអស់ នាំយកនូវវប្បធម៌យើងទៅផ្សព្វផ្សាយឱ្យពិភពលោកបានស្គាល់ និងត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីត្រប់មកបំពេញការងារជូនជាតិវិញ៕ អត្ថបទ៖ សំ ងីម






