ភ្នំពេញ ៖ បុរសជាប្តីដែលបានបាញ់សម្លាប់ស្ត្រីប្រពន្ធ នៅក្នុងបុរីពិភពថ្មី៣ ខណ្ឌដង្កោ កាលពីវេលាល្ងាចមិញ បានចូលខ្លួនទៅសារភាពទោសកំហុសដែលបានប្រព្រឹត្តិហើយ នៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ។ជនសង្ស័យ មានឈ្មោះ យ័ន្ត គុយហេង អាយុជាង៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ។
លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានប្រាប់ BTV នាយប់ថ្ងៃខែដដែលនេះ អោយដឹងថា ៖ អំពើបាញ់សម្លាញ់ប្រពន្ធខ្លួនឯងនេះ គឺកើតឡើងដោយសារភ្លើងប្រច័ណ្ឌ ដោយបុរសជាប្តី បាញ់ចំនួន០៣គ្រាប់ បណ្តាលស្ត្រីជាប្រពន្ធអោយស្លាប់ក្នុងថ្លុកឈាម ខណះរូបនាងក៏មានកូន៤ខែនៅក្នុងផ្ទៃផងដែរ ។ លោកអធិការរង បន្ថែមថា ជនសង្ស័យរូបនេះ កន្លងទៅជាមុខសញ្ញាគ្រឿងញៀន ដែលសមត្ថកិច្ចតាមប្រមាញ់ផងដែរ ។
ជុំវិញករណីនេះដែរ តាមការអោយដឹងពី មន្ត្រីសមត្ថកិច្ច នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានប្រាប់អោយដឹងថា ៖ ជនសង្ស័យជាប្តី ក៏ធ្លាប់ជាប់ពន្ធធនាគារម្តងរួចទៅហើយដែរ ដោយកាលនោះ ជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មសម្លាប់មនុស្ស នៅឯខេត្តព្រះសីហនុ ។
គួររំលឹកផងដែរថា ករណីឃាតកម្មបាញ់សម្លាប់ប្រពន្ធខាងលើ កើតឡើង កាលពីវេលាម៉ោង១៥ និង៣០នាទីល្ងាចថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ១៦៨ ក្នុងបុរីពិភពថ្មី៣ ស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ ៕ ដោយ ៖ លីហេង



