បន្ទាយមានជ័យ ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានដឹកនាំសហការជាមួយកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បង្ក្រាបជនសង្ស័យចំនួន២នាក់ ដកហូតសារធាតុញៀនជាង ១៥គីឡូក្រាមក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ។ ដែលប្រតិបត្តិនេះបានធ្វើឡើង កាលពីវេលាម៉ោង៣៖១៥នាទី រសៀលថ្ងៃទី ២៨ ខែកុម្ភះ ឆ្នាំ២០២៣។
ដោយក្រោមការដឹកនាំចង្អុលបង្ហាញ និងអនុវត្តតាមបញ្ជារបស់ នាយឧត្ដមសេនិយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងសម្របសម្រួលពីលោក សោ វុទ្ធី ព្រះរាជអាជ្ញារងសាលាដំបូងខេត្តបន្ទាយមានជ័យ, ចាត់តាំងអោយកម្លាំងជំនាញការិយាល័យ (ក៧) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយឧត្តមសេនីយ៍ទោ សៀង ណុល នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានចុះបង្រ្កាបករណីជួញដូគ្រឿងញៀនខុសច្បាប់ នៅ៣គោលដៅផ្សេងគ្នា ទី ១.ភូមិសាមគ្គីមានជ័យ សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ។ ទី២.នៅចំណុច KTV G9 ស្ថិតនៅភូមិសាមគ្គីមានជ័យ ក្រុងប៉ោយប៉ែត និង ទី៣.ចំណុចផ្លូវលំ ភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្នុងរង្វង់ប្រតិបត្តិការនៃការបង្ក្រាបកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ០២នាក់៖ ឈ្មោះ សាន ប៊ុនថេត ភេទប្រុស អាយុ១៨ឆ្នាំ និងឈ្មោះ សុខ ផល្លី ភេទប្រុស អាយុ៣៦ឆ្នាំ។ ចំណែកគ្រឿងញៀន ដែលដកហូតបានរួមមាន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១៥គីឡូ ៤៤២.៦៨ក្រាម និងកេតាមីនចំនួន០៤កញ្ចប់តូច។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅអយ្យអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីបន្តតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ




