រុស្ស៊ី៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២មីនាថា សហរដ្ឋអាមេរិកបង្ខំឲ្យទីក្រុង Moscow ផ្អាកការចូលរួមរបស់ខ្លួនក្នុងសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ New START ព្រោះទីក្រុងវ៉ាស៊ីនតោនកំពុងប្រើប្រាស់សន្ធិសញ្ញានេះ ដើម្បីជួយអ៊ុយក្រែនវាយប្រហារទីតាំងយុទ្ធសាស្ត្ររបស់រុស្ស៊ី។

លោកថា រុស្ស៊ីនឹងមិនសាកល្បងឧបករណ៍នុយក្លេអ៊ែរមុនគេឡើយ ក្រោយការផ្អាកសន្ធិសញ្ញានេះជាមួយសហរដ្ឋអាមេរិក។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯបេសកកម្មរុស្ស៊ីក្នុងទីក្រុងហ្សឺណែវ បន្ទាប់ពីសន្និសីទសារព័ត៌មានស្ដីពីការមិនរីកសាយអាវុធ លោក Ryabkov បាននិយាយថា ទីក្រុង Moscow នឹងមិនសាកល្បងអាវុធឡើយ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនមិនសាកល្បងដែរនោះ ប៉ុន្តែថា រុស្ស៊ីនៅតែត្រៀមជានិច្ចក្រែងមានហេតុការណ៍អាក្រក់កើតឡើង។ លោក Ryabkov ក៏បានចោទសហរដ្ឋអាមេរិកពីបទផ្ដល់របាយការណ៍ចារកម្ម ស្ដីពីទីតាំងយុទ្ធសាស្ត្រនៅក្នុងប្រទេសរុស្ស៊ីឲ្យទៅអ៊ុយក្រែន ដើម្បីឲ្យពួកគេងាយវាយប្រហារដោយយានដ្រូន។
កាលពីខែធ្នូ មូលដ្ឋានទ័ពអាកាស Engels របស់រុស្ស៊ីនៅជិតទីក្រុង Saratov ដែលជាមូលដ្ឋានរបស់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ ដែលមានសមត្ថភាពវាយប្រហារដោយនុយក្លេអ៊ែរ និងចម្ងាយប្រមាណ ៦០០គីឡូម៉ែត្រពីដែនដីអ៊ុយក្រែនត្រូវបានវាយប្រហារដោយយានដ្រូន។ អ៊ុយក្រែនពុំបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនោះឡើយ ប៉ុន្តែបានសាទរការវាយប្រហារនោះ។ លោក Ryabkov និយាយថា សហរដ្ឋអាមេរិក និងទីក្រុង Kyiv អាចបញ្ចប់ជម្លោះនៅក្នុងប្រទេសអ៊ុយក្រែនបាននៅថ្ងៃស្អែក ប្រសិនបើពួកគេសម្រេចចិត្តត្រូវ៕
អត្ថបទ៖ សុខមាន