ភ្នំពេញ៖ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លើកឡើងថា នៅក្នុងឆ្នាំ ២០២៣ នេះ សកម្មភាពរបស់សហគ្រាសវេចខ្ចប់ និងកែច្នៃនៅកម្ពុជា កំពុងងើបឡើងកាន់តែល្អប្រសើរ នៅក្នុងខ្សែច្រវ៉ាក់ផលិតកម្ម ជាពិសេសការផ្គត់ផ្គង់ទំនិញនៅលើទីផ្សារ និងមានកំណើនកាន់តែល្អប្រសើរថែមទៀត។
លោកជំទាវ កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លើកឡើងនៅថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០២៣ នេះថា ជុំវិញការប្រើប្រាស់ប្រចាំថ្ងៃ ប្រជាពលរដ្ឋ ត្រូវការទំនិញដែលមានអនាម័យ និងមានគុណភាព ដើម្បីសុខុមាលភាពសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ ។ ស្របពេលបរិបទកំពុងរីកចម្រើននេះដែរ សហគ្រាសវេចខ្ចប់ និងកែច្នៃនៅកម្ពុជា កំពុងបង្កើននូវការផលិត និងវេចខ្ចប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។
លោកជំទាវ បន្តថា ក្នុងឆ្នាំ ២០២២ បន្ទាប់ពីកម្ពុជាបើកប្រទេសឡើងវិញ សកម្មភាពនៅក្នុងខ្សែច្រវ៉ាក់ផលិត និងការលក់ដូរនៅតាមទីផ្សារ មានកំណើនគួរឲ្យកត់សម្គាល់ ។ ចំណែកនៅក្នុងឆ្នាំ ២០២៣ នេះវិញ លោកជំទាវ មានការរំពឹងថា សហគ្រាសវេចខ្ចប់ និងកែច្នៃនៅកម្ពុជា និងមានសកម្មភាពកាន់តែមមាញឹកជាងមុន។
ជុំវិញវិស័យសហគ្រាសធុនតូច និងមធ្យមនេះ នៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញឲ្យដឹងថា គិតត្រឹមបំណាច់ឆ្នាំ ២០២២ មូលដ្ឋានសហគ្រាស និងសិប្បកម្ម ដែលបានចុះបញ្ជីនៅក្រសួង បានបង្កើតថ្មីមានចំនួន ១ ២២៩ មូលដ្ឋាន និងបង្កើតការងារថ្មីបានចំនួនជាង ២ ម៉ឺនកន្លែង និងមានករណីបិតទ្វារ មានចំនួន ៤៩០ ក្នុងនោះបើគិតសរុប កម្ពុជាមានចំនួនសហគ្រាសជាង ៤៣ ពាន់មូលដ្ឋាន និងមានពលកម្មសរុប ជាង ៤៥ ម៉ឺនកន្លែង ។
ទាក់ទងវិស័យយសហគ្រាសធុនតូច និងមធ្យមនេះដែរ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានផ្តល់ការអនុញ្ញាតឲ្យក្រុមហ៊ុនប្រើប្រាស់ស្លាកសញ្ញាមានគុណភាពលើផលិតផល មានចំនួន ១៤០ មុខផងដែរ៕អត្ថបទ៖ សុន រ៉ាឌី