បាល់ទាត់៖ កូនប្រុសរបស់វីរៈបុរសបាល់ទាត់ប្រេស៊ីល Ronaldinho កីឡាករ Joao Mendes បានចុះហត្ថលេខាលេងឱ្យក្លិបបាល់ទាត់យុវជនរបស់ Barcelona។ កីឡាករមានតួនាទីខ្សែប្រយុទ្ធវ័យ ១៨ឆ្នាំរូបនេះបានដើរតាមគន្លងជោគជ័យរបស់ឪពុក ដែលធ្លាប់ជោគជ័យជាច្រើនក្នុងរយៈពេល ៥ឆ្នាំនៅ Camp Nou។

Joao Mendes បានសំរេចបញ្ចប់កិច្ចសន្យារបស់ខ្លួនជាមួយក្លិបប្រេស៊ីល Cruzeiro ដែលស្ថិតនៅក្របខណ្ឌលីគទី២ ដើម្បីចូលរួមជាមួយ U19 Barcelona ក្នុងការធ្វើតេស្តសមត្ថភាព។ ពេលនៅ Cruzeiro នោះ Mendes បានរក្សាការសំងាត់មិនឱ្យអ្នកណាដឹងថា រូបគេជាកូនប្រុសរបស់ Ronaldinho ឡើយរហូតដល់ពេលទទួលបានកិច្ចសន្យាជាមួយ Cruzeiro កាលពីឆ្នាំ២០១៤។ Ronaldinho បច្ចុប្បន្នវ័យ ៤២ឆ្នាំគឺជាទូតសុច្ឆន្ទៈរបស់ Barcelona បន្ទាប់ពីចូលនិវត្តន៍ពីអាជីពបាល់ទាត់កាលពីឆ្នាំ២០១៥។
Ronaldinho ដែលជាម្ចាស់ជ័យលាភី Ballon d’Or ឆ្នាំ២០០៥ បានជួយ Barcelona ឈ្នះជើងឯក UEFA Champions League និង La Liga ពីររដូវកាលជាប់គ្នា។ Joao Mendes ដែលជាកូនប្រុសនឹងហ្វឹកហាត់រួមគ្នានៅក្នុងក្រុមយុវជន Barcelona ដែលបានផលិតកីឡាករឆ្នើមៗជាច្រើនដូចជា Lionel Messi, Gerard Pique និង Xavi Hernandez ដែលបច្ចុប្បន្នជាអ្នកចាត់ការ៕
អត្ថបទ៖នាង សុភាវុធ