កណ្តាល៖ នៅវេលាថ្ងៃត្រង់នេះអគ្គីភ័យ បានឆាបឆេះលំនៅឋានប្រជាពលរដ្ឋ៥ខ្ន ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល។
សមត្ថកិច្ច បានឱ្យដឹងថា នៅវេលាម៉ោង ១០និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ មានគ្រោះអគ្គីភ័យមួយបានកើតឡើង ដោយបានឆាបឆេះលំនៅឋានប្រជាពលរដ្ឋចំនួន ៥ខ្នងផ្ទះ ជាប្រភេទផ្ទះឈើប្រក់ស័ង្កសី និងផ្ទះខ្លះឈើលើ ថ្មក្រោម ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ ក្នុងហេតុការណ៍នេះ មិនមានមនុស្សរងគ្រោះថ្នាក់ទេ។
នៅពេលអណ្ដាតភ្លើងចាប់ផ្ដើមឆេះ ប្រជាពលរដ្ឋបានរាយការណ៍ និងសុំការអន្តរាគមន៍ពីក្រុមរថយន្តពន្លត់អគ្គីភ័យ។
ភ្លាមៗកងអន្តរាគមន៍ពន្លត់អគ្គីភ័យបានចេញរថយន្តជាច្រើនគ្រឿង មានមកពីស្រុកមុខកំពូលមួយគ្រឿង និងពីបណ្ដាអង្គភាពនានាពីរាជធានីភ្នំពេញ ១១គ្រឿង ទើបអាចគ្រប់គ្រង និងបាញ់ទឹកពន្លត់បាន។ ចំពោះមូលហេតុដែលនាំឱ្យមានអគ្គីភ័យនេះ សមត្ថកិច្ចមិនទាន់បានសន្និដ្ឋាននៅឡើយទេ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា





