ភ្នំពេញ៖ បច្ចុប្បន្នចំនួនភ្ញៀវទេសចរបរទេស ទៅទស្សនាមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក គឺមានការកើនឡើងជាបន្តបន្ទាប់។ ជាក់ស្ដែងរៀងរាល់ថ្ងៃ គឺមានភ្ញៀវទេសចរបរទេស ជាមធ្យមជាង ២០០នាក់ ទៅ៤០០នាក់ ក្នុងមួយថ្ងៃ ដែលបានមកទស្សនា។ នេះជាការលើកឡើងរបស់ ប្រធានមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។
ចំនួនភ្ញៀវទេសចរបរទេស មកទស្សនាមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក គឺមានជាប្រចាំ។ ជាមធ្យមគឺមានចំនួនជាង ២០០នាក់ទៅ ៤០០នាក់ក្នុងមួយថ្ងៃ។ នេះបើតាមការបញ្ជាក់បស់លោកស្រី រស់ សុភារ៉ាវី ប្រធានមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។ លោកស្រីបន្តថា បច្ចុប្បន្នមគ្គុទេសក៍ទេសចរ ដែលធ្លាប់ដឹកនាំភ្ញៀវទេសចរបរទេសមកទស្សនាកាលពីមុនមានវត្តមានកូវីដ បានបន្តដឹកនាំភ្ញៀវមកទីតាំងនេះជាថ្មី។ ជាក់ស្ដែងជារៀងរាល់ថ្ងៃ គឺមានរថយន្តតូច ក៏ដូចជារថយន្តក្រុង និងម៉ូតូកង់បី មួយចំនួនបានដឹកភ្ញៀវបរទេសមកទីនេះរាល់ថ្ងៃ។
ក្នុងនាមជាអ្នកគ្រប់គ្រងមួយរូប លោកស្រីពិតជាសប្បាយចិត្ត ដែលវត្តមានភ្ញៀវទេសចរបរទេសមានការកើនឡើងបែបនេះ។ លោកស្រីបញ្ជាក់ថា ក្នុងចំណោមជាតិសាសន៍ ដែលមកទស្សនាមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ច្រើនជាងគេ មានដូចជា ជនជាតិ អង់គ្លេស និងអាមេរិកជាដើម។
សម្រាប់ជនបរទេស ដែលទស្សនាមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក នៅព្រឹកនេះ លើកឡើងនិងចាត់ទុកថា នេះកន្លែងប្រវត្តិសាស្រ្ត ដែលមានភាពសោកសៅមួយ។ ពួកគេលើកឡើងថា ការមកទស្សនាទីនេះ គឺដើម្បីស្វែងយល់បន្ថែម ក៏ដូចជាបង្ហាញការគោរព។
ទន្ទឹមនឹងការមើលឃើញពីភាពសោកសៅរបស់កម្ពុជាក្នុងអតីតកាល ពួកគេក៏មានការចាប់អារម្មណ៍ទៅលើកម្ពុជាក្នុងពេលបច្ចុប្បន្នផងដែរ។ អ្វីដែលពួកគេមើលឃើញ គឺការរីកចំរើនរបស់កម្ពុជា យ៉ាងឆាប់រហ័ស។
សូមបញ្ជាក់ថា កម្ពុជា ក្រៅពីបើកប្រទេសឡើងវិញទទួលយកភ្ញៀវទេសចរបរទេស កម្ពុជាក៏បានបង្កើតនិងមានព្រឹត្តិការណ៍ជាច្រើនក្នុងការស្រូបទាញភ្ញៀវទេសចរផងដែរ។ ជាក់ស្ដែងកន្លងទៅគឺមានព្រឹត្តិការណ៍ បុណ្យសមុទ្រ ហើយនាពេលខាងមុខនេះ កម្ពុជានឹងរៀបចំធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ហើយកម្ពុជាក្នុងឆ្នាំ២០២៣នេះ ក៏រៀបចំមហាព្រឹត្តិការណ៍ អង្គរសង្រ្កាន្តជាថ្មីនៅខេត្តសៀមរាបផងដែរ៕អត្ថបទ៖គឹមហុក