ភ្នំពេញ៖ បច្ចុប្បន្ន អ្នកជំនាញ កំពុងមមាញឹកផលិតស្គរសិប្បនិម្មិត ចំនួនបួនរយ សម្រាប់ហាត់សម មុនពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម ដែលនឹងចូលមកដល់ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ។
ក្នុងកិច្ចសម្ភាសន៍ជាមួយBTV នៅថ្ងៃទី០៣ ខែមីនា នេះ លោក ជុំ ប្រសើរ អ្នកជំនាញធ្វើឧបករណ៍ ភ្លេងបុរាណ បានឱ្យដឹងថា ដោយមានការអនុញ្ញាតពីក្រសួងវប្បធម៌ សិប្បកម្ម របស់លោក ត្រូវផលិតស្គរ សិប្បនិម្មិត ចំនួនបួនរយ សម្រាប់ហាត់សម្តែងទស្សនីយភាពផ្សេងៗ ត្រៀមពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម នៅពេលខាងមុខនេះ ។
ស្គរចំនួន៤០០នេះ ចែកចេញជា៥ប្រភេទ រួមមាន ស្គរជ័យ ស្គរឆៃយ៉ាំ ស្គរមុខពីរ ស្គរដៃ និងស្គរអាប៉េ។ តាមការគ្រោងទុក ស្គរទាំងអស់នេះ នឹងធ្វើរួចរាល់នៅដើមខែមេសា ។
តាមការគ្រោងទុក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងបង្ហាញទស្សនីយភាព ចំនួន៥ នៅក្នុងពិធី បើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣។
ទស្សនីយភាពទាំងនោះ រួមមាន ការកកើតទឹកដីប្រទេសកម្ពុជា ភាពរុងរឿងនាសម័យអង្គរ ស្នាមញញឹមខ្មែរ អនាគតកម្ពុជា និងសហគមន៍ ជោគវាសនាតែមួយ ដែលមានសិល្បៈករ-សិល្បៈការិនីចូលរួមសម្តែង ចំនួនជាង៣ពាន់នាក់ ។
ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬហៅថា ស៊ីហ្គេម លើកទី៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ ដំបូង នឹងចាប់ផ្តើមពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដោយមានកីឡា៣៦ប្រភេទ ចែកចេញ ជា៥៨១វិញ្ញាសា ។ បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍នេះ ប្រទេសកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍កីឡាអាស៊ាន ប៉ារ៉ាហ្គេម លើកទី១២ ដែលចាប់ផ្តើមពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការប្រកួត កីឡា ចំនួន១៣ប្រភេទ មានចំនួនជាង១០០វិញ្ញាសា ។
ប្រទេសកម្ពុជា អាចរៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិទាំង២នេះបាន គឺដោយសារការដឹកនាំប្រកប ដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសជាតិឱ្យមានសុខសន្តិភាព ពេញបរិបូរ មានសមត្ថភាព និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀបចំព្រឹត្តិការណ៍៕អត្ថបទ៖ ទូច សោភ័ណ