វាយកូនបាល់៖ កីឡាករវាយកូនបាល់លេខ ១ ពិភពលោក Novak Djokovic បានបន្តស្ថិតិឥតខ្ចោះរបស់ខ្លួន ពោលគឺមិនចាញ់សោះក្នុងឆ្នាំ២០២៣ នេះ បន្ទាប់ពីយកឈ្នះកីឡាករប៉ូឡូញ Hubert Hurkacz ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Dubai Tennis Championship។

កីឡាករវ័យ ៣៥ឆ្នាំរូបនេះបានឈ្នះការប្រកួតសរុប ១៥ប្រកួតមកហើយក្នុងឆ្នាំ២០២៣ នេះតាមរយៈជ័យជំនះចុងក្រោយលើ Hurkacz ៦-៣ និង ៧-៥។ Novak Djokovic ដែលកំពុងស្វែងរកពាន Dubai Tennis Championship នេះលើកទី៦ ក្នុងអាជីពនោះ នឹងបន្តជួបជាមួយកីឡាកររុស្ស៊ី Daniil Medvedev នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រស្អែកនេះ។ កីឡាកររុស្ស៊ី Medvedev បានឡើងវគ្គ ៤នាក់ចុងក្រោយតាមរយៈជ័យជំនះលើកីឡាករក្រូអាស៊ី Borna Coric ៦-៣ និង ៦-២ ដើម្បីបន្តស្វែងរកពានទី៣ របស់ខ្លួននៅក្នុងឆ្នាំ២០២៣ នេះ។
លទ្ធផលផ្សេងទៀតរួមមានកីឡាកររុស្ស៊ីអ្នកការពារតំណែងជើងឯក Ruben Rublev យកឈ្នះកីឡាករហូឡង់ Botic van der Zandschlup ៦-៣ និង ៧-៦(៧-៣) ដើម្បីឡើងវគ្គ ៤នាក់ចុងក្រោយជួបជាមួយកីឡាករអាល្លឺម៉ង់ Alexander Zverev ដែលយកឈ្នះ Lorenzo Sonego ៧-៥ និង ៦-៤៕
អត្ថបទ៖នាង សុភាវុធ