ចិន៖ របាយការណ៍ថ្មីមួយបានបង្ហាញថា សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចជាច្រើនស្ថិតនៅពីក្រោយឆ្ងាយ ក្នុងការប្រកួតប្រជែងជាមួយប្រទេសចិនក្នុងកាអភិវឌ្ឍន៍បច្ចេកវិទ្យាជាន់ខ្ពស់ និងរក្សាទុកមនុស្សដែលមានទេពកោសល្យ។
របាយការណ៍នេះបានបញ្ជាក់ថា ទីក្រុងប៉េកាំងកំពុងបង្កើតភាពផ្ដាច់មុខក្នុងវិស័យមួយចំនួន ដែលគេថានាំមុខគ្មានគូរប្រៀបក្នុងវិស័យបច្ចេកវិទ្យាឈានមុខចំនួន៣៧ ក្នុងចំណោម ៤៤វិស័យ។ របាយការណ៍នេះបានបង្ហាញថា នៅក្នុងវិស័យមួយចំនួន វិទ្យាស្ថានស្រាវជ្រាវលំដាប់ខ្ពស់បំផុតចំនួន ១០ របស់ពិភពលោកគឺស្ថិតនៅក្នុងប្រទេសចិន។ ការស្រាវជ្រាវនេះក៏បានជំរុញឲ្យបង្កើនការវិនិយោគ លើផ្នែកស្រាវជ្រាវកាន់តែខ្លាំងថែមទៀតផងដែរដោយរដ្ឋាភិបាល។ របាយការណ៍នេះត្រូវបានបញ្ចេញដោយវិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលី (ASPI) បន្ទាប់ពីការតាមដានលើវិស័យការពារជាតិ អវកាស ថាមពល និងវេជ្ជសាស្ត្រ។
របាយការណ៍ដែលបានបញ្ចេញកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ត្រូវបានផ្ដល់មូលនិធិដោយក្រសួងការបរទេសអាមេរិក។ ការសិក្សានេះបានរកឃើញថា សហរដ្ឋអាមេរិកតែងឈរនៅចំណាត់ថ្នាក់ទី២ ទោះបីបាននាំមុខការស្រាវជ្រាវសកលលើផ្នែកបញ្ជូនទិន្នន័យល្បឿនលឿន បច្ចេកវិទ្យាផ្នែកកុំព្យូទ័រទំនើបច្រើនវិស័យ ផ្កាយរណបតូចៗ និងវ៉ាក់សាំងក៏ដោយ។ របាយការណ៍ដដែលនិយាយថា បណ្ដាប្រទេសកាន់ប្រជាធិបតេយ្យលោកខាងលិច កំពុងចាញ់ការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាសកល រួមទាំងការប្រណាំងប្រជែងសម្រាប់របកគំហើញ វិទ្យាសាស្ត្រ និងការស្រាវជ្រាវ៕
អត្ថបទ៖ សុខមាន