កំពត៖ អាចបណ្តាលមកពីគ្រឿងញៀនពង្វក់ស្មារតី នាព្រឹកថ្ងៃទី៣ ខែមីនានេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ បានចាប់កូនអាយុ២ខែ បោកផ្ទប់ទៅនឹងឥដ្ឋបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ រហូតត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។
លោក លក ញ៉ាវ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តកំពត បានប្រាប់ឱ្យដឹងថា នគរបាលព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងសមត្ថកិច្ចស្រុកអង្គរជ័យ បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ រឿន ចាន់រតនា អាយុ ២៧ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ ក្រោមបទសង្ស័យប៉ុនប៉ងឃាតកម្ម កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយបុរសរូបនេះ បានចាប់កូនប្រុសអាយុ២ខែបោកផ្ទប់ទៅនឹងឥដ្ឋបណ្តាលឱ្យរងរបួសជាទម្ងន់។ លោកបន្តថា ក្រោយកើតហេតុ សាច់ញាតិមិនបានប្តឹងចូលសមត្ថកិច្ចទេដោយប្រញាប់បញ្ជូនទារករងគ្រោះទៅកាន់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ។ លុះព្រឹកថ្ងៃទី៣ ខែមីនា ក្រោយទទួលព័ត៌មានពីមន្ទីរពេទ្យគន្ធបុប្ផាភ្លាម លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ក៏បញ្ជាដល់កម្លាំងព្រហ្មទណ្ឌខេត្ត ចុះសហការជាមួយនគរបាលស្រុកអង្គរជ័យ តាមឃាត់ខ្លួនជនសង្ស័យរូបនោះបានតែម្តង។ ពេលនេះ សមត្ថកិច្ចកំពុងសាកសួរដើម្បីចាត់ការបន្តតាមនីតិវិធី៕
